KH EMPIRE

ក្រុមការងារក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកគងពិសី ចុះត្រួតពិនិត្យការបញ្ចេញផ្សែងខ្មៅពីសិប្បកម្មស្ងោរអំបិល ភូមិអង្គរោង ឃុំមហាប្ញស្សី ស្រុកគងពិសី

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំមហាប្ញស្សី បានចុះត្រួតពិនិត្យករណីបញ្ចេញផ្សែងខ្មៅចេញពីសិប្បកម្មស្ងោរអំបិល ដែលមានអាសយដ្ឋានស្ថិតនៅភូមិអង្គសុគន្ធានិងភូមិអង្គរោង ឃុំមហាប្ញស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជាលទ្ធផលខ្ញុំបាទសូមរាយការណ៍ដូចខាងក្រោម៖
ករណីបញ្ចេញផ្សែងខ្មៅបង្កឡើងដោយសិប្បកម្មស្ងោរអំបិលចំនួន៣ ទីតាំងដែលស្ថិតនៅក្បែរគ្នា រួមមាន៖
ទី១ សិប្បកម្មស្ងោរអំបិល ខែម ពុទ្ធថៃ
ទី២ សិប្បកម្មស្ងោរអំបិល យ៉ែម អៀង (ដើមត្នោតពីរ)
ទី៣ សិប្បកម្មស្ងោរអំបិល យ៉ែម យ៉ា

សិប្បកម្មស្ងោរអំបិលទាំង ៣ទីតាំង មានកិច្ចសន្យាការពារបរិស្ថានពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម ពីរដ្ឋបាលស្រុកគងពិសី មានវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្ម ពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ។

សិប្បកម្មស្ងោរអំបិលទាំង ៣ទីតាំង ដំណើរការផលិតអំបិលដូចៗគ្នា ដោយដំបូងយកអំបិលគ្រួសចំនួនប្រហែល ២-៣តោន (ទិញពីខេត្តកំពត) មកដាក់ចូលអាងរំលាយដោយប្រើប្រាស់ទឹកចំនួនប្រហែល ៤-៥ម៉ែត្រគូប (ទឹកអណ្ដូង) ដោយរង់ចាំចន្លោះពី ១-១,៥ម៉ោង ដើម្បីឱ្យរលាយសព្វ ទើបយកទឹកដែលថ្លា យកទៅដាក់ខ្ទះរំងាស់ ក្នុងរយៈពេលប្រហែល ៨ម៉ោង ទើបទទួលបានផលិតផលសម្រេច (អំបិលអ៊ីយ៉ូដ)។

នៅក្នុងដំណើរការផលិតអំបិល ម្ចាស់សិប្បកម្មស្ងោរអំបិលទាំង៣ ប្រើប្រាស់ឡចំនួន ៤ ដូចៗគ្នា សម្រាប់ធ្វើការស្ងោរអំបិល (ប្រើប្រាស់ខ្ទះស្ងោរចំនួន ៤) ដោយបានយកសំណល់កម្ទេចក្រណាត់ ស្បែក និងជ័រតាមបណ្តារោងចក្រ ដែលខ្លួនទិញពីឈ្មួញមកធ្វើការដុត ដោយក្នុង១ឡាន (២,៥តោន) តម្លៃ១០ម៉ឺនរៀល។ ក្នុង១ថ្ងៃ សិប្បកម្មនីមួយៗត្រូវការសំណល់ទាំងនោះចំនួន២តោន សម្រាប់ធ្វើការដុត។

ឡដុតរបស់សិប្បកម្មទាំង៣ ជាប្រភេទឡរៀបឥដ្ឋធម្មតា ពុំមានបំពាក់ប្រព័ន្ធចម្រោះផ្សែងនោះទេ ដោយមានកម្ពស់ប្រហែល ៧ម៉ែត្រ (ដុតជាលក្ខណៈចំហរ)។ ចំណែកផេះចេញពីឡ បានយកទៅចាក់គរចោលនៅដីវាលក្នុងបរិវេណដីរបស់ខ្លួន។

ក្រុមការងារពុំបានធ្វើការវាស់គុណភាពខ្យល់ចេញពីឡដុតសំណល់របស់សិប្បកម្មទាំង៣ខាងលើនោះទេ ដោយសារសិប្បកម្មទាំង៣បានផ្អាកដំណើរការ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីចិន។

ជារួមករណីបញ្ចេញផ្សែងខ្មៅ គឺបង្កឡើងដោយសិប្បកម្មស្ងោរអំបិលទាំង៣ខាងលើ យកកម្ទេចក្រណាត់ ស្បែក និងជ័រ ទៅដុតក្នុងឡដោយផ្ទាល់ ដោយពុំបានបំពាក់ប្រព័ន្ធចម្រោះផ្សែងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនោះទេ បង្កឱ្យមានផលប៉ះពាល់ដល់គុណភាពខ្យល់ និងសុខភាពសាធារណៈ។ អនុលោមតាមក្រមបរិស្ថាននិងធនធានធម្មជាតិ អនុក្រឹត្យលេខ៤២ អនក្រ.បក ស្ដីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង និងសេចក្ដីជូនដំណឹងលេខ៣៣៣/០១២៥ សជណ ប.ស្ថ/អគព ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ជាវិធានការចំពោះម្ចាស់សិប្បកម្មស្ងោរអំបិលទាំង៣ ខាងលើ រួមមាន៖

១. ត្រូវបញ្ឈប់ជាបន្ទាន់ក្នុងការប្រើប្រាស់កម្ទេចក្រណាត់ ស្បែក និងជ័រប្លាស្ទិកគ្រប់ប្រភេទ ដុតក្នុងឡជាបន្តទៀត។
២. ធ្វើការផាកពិន័យអន្ដរការណ៍ យោងតាមប្រកាសអន្ដរក្រសួងលេខ ១០៧០ សហវ.ប្រក ស្ដីពីការផ្ដល់សេវាសាធារណៈ និងការពិន័យជាប្រាក់ ដោយក្រសួងបរិស្ថាន
៣. ធ្វើការកែប្រែបច្ចេកទេសឡដុត ដោយបំពាក់ឧបករណ៍ចម្រោះផ្សែងឱ្យបានត្រឹមត្រូវ និងអនុលោមតាមស្ដង់ដារកំណត់
៤. ធ្វើការផ្លាស់ប្ដូរការដុតកម្ទេចក្រណាត់ ស្បែក និងជ័រគ្រប់ប្រភេទ មកជាការដុតថាមពលស្អាតវិញ ៕

Exit mobile version