KH EMPIRE

ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ អធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅសាលប្រជុំខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នៅសាលប្រជុំខេត្តពោធិ៍សាត់ និងមានការចូលរួមពី ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្រ្តីមន្ទីរបរិស្ថានខេត្តជាច្រើនរូបផងដែរ។

កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ រៀបចំឡើង ដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង រំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន និងមានគោលបំណង ដើម្បីជំរុញការ អនុវត្តវិធានការនានា នៃសារាចរលេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេសការត្រៀម លក្ខណៈរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តស្តង់ដារប្រេងឥន្ធនៈ និងស្តង់ដារការ បញ្ចេញឧស្ម័នពីរថយន្ត ព្រមទាំងការអនុវត្ត របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការដុតនៅទីចំហ ភ្លើងឆេះព្រៃ ការដុតសំណល់ គល់ជញ្ជ្រាំង ជាពិសេសការដុតប្លាស្ទិក សកម្មភាពដុតព្រៃដើម្បីរកសត្វ និងសកម្មភាពនានា នៅក្នុងមូលដ្ឋាន ដែលរួមចំណែកបង្កឱ្យមានការបំពុលខ្យល់។

ជាមួយគ្នានេះក្រុមការងារក៏បានដាក់រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត នៅក្នុងសាលាស្រុកវាលវែង និងក្នុងសាលាខេត្តពោធិ៍សាត់ ដើម្បីពិនិត្យគុណភាពខ្យល់របស់ខេត្តពោធិ៍សាត់ផងដែរ ៕

Exit mobile version