KH EMPIRE

វិទ្យាស្ថានអភិវឌ្ឍបៃតងសកល GGGI ថ្លែងអបអរសាទរចំពោះជោគជ័យ នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសាលារៀន របស់ក្រសួងបរិស្ថាន

កញ្ញា Shomi Kim តំណាងប្រចាំប្រទេស  នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល GGGI បានថ្លែងអបអរចំពោះជោគជ័យក្នុងជំហានទី១ ដែលក្រសួងសម្រេចបានក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ក្នុងឱកាសទទួលបានការអនុញ្ញាតជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ កញ្ញា Shomi Kim បានលើកឡើងថា វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល នឹងចូលរួមគាំទ្រលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ តាមរយៈការផលិតជីវប្លាស្ទិក (Bio degradable plastic) និងការពង្រឹងកិច្ចសហប្រតិបត្តិរវាងក្រសួងបរិស្ថាន និង វិទ្យាស្ថានGGGI ឲ្យកាន់តែល្អប្រសើរ ថែមទៀត។

ក្នុងឱកាសននេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល ដែលបានសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការគាំទ្រដល់ការគ្រប់គ្រងវិស័យបរិស្ថាន ចាប់ពីឆ្នាំ២០១២ រហូតដល់ពេលបច្ចុប្បន្ននេះ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ក្រសួងបាននឹងកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”  ជាមួយនឹងសិស្សានុសិស្សប្រមាណជាង ១លាននាក់ហើយ នៅតាមសាលារៀនជាង១០០០ ក្នុងប្រទេសកម្ពុជា។ ជាជំហានបន្ទាប់ក្រសួង នឹងបន្តយុទ្ធនាការនេះ ជាមួយបណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជនថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះការគាំទ្រ ក្នុងភាពជាដៃគូ ហើយក្រសួងនឹងបន្តក្នុងភាពជាម្ចាស់ នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បីសម្រេចបានគោលដៅរួមគ្នា ជាមួយវិទ្យាស្ថានអភិវឌ្ឍបៃតងសកល ចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ- ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៕

Exit mobile version