ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឲ្យបញ្ចប់ភាពផ្តាច់មុខ លើការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ សហគ្រាស។ ឯកឧត្តមបានថ្លែងឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។
ពាក់ព័ន្ធបញ្ហាប្រឈម ដែលរោងចក្រ សហគ្រាសមួយចំនួន បានយកក្រណាត់មកដុត ដើម្បីបំពុះទឹក ដើម្បីអ៊ុតខោអាវ បានធ្វើឲ្យមានការបំពុលបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការណែនាំឲ្យបណ្តារោងចក្រទាំងនោះ ប្រើប្រាស់សូឡា ជំនួស ដើម្បីផ្តល់ថាមពលសម្រាប់អ៊ុតខោអាវ អាចចំណេញជាងការប្រើប្រាស់ក្រណាត់ ឬដុតអុស ចំណេញត្រង់ថាយើងអាចកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមរក្សាគម្របព្រៃឈើ ដែលក្រសួងបរិស្ថាន កំពុងតែធ្វើការដាំដុះសម្រេចឲ្យបាន៦០%នាពេលខាងមុខ។
សូមរម្លឹកជូនថា ពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅអគ្គនាយកដ្ឋានគាំពារបរិស្ថាន ថ្ងៃនេះ គឺដើម្បីពង្រឹងការងារ ជាក្រុម ជាមួយការស្តាប់នូវរបាយការណ៍ស្តីពីការផ្គត់ផ្គង់ឧបករណ៍តាមដានដោយស្វ័យប្រវត្ត និងការផ្កត់ផ្គង់ផលិតកម្ម អាងប្រព្រឹត្តកម្ មតាមរោងចក្រ សហគ្រាស ស្របតាមចក្ខុវិស័យជាតិ ដើម្បីរុញនាវាបរិស្ថានកម្ពុជា ឲ្យសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច ៕