យើងបានឈានមួយកម្រិតទៀតហើយ នូវការប្រើប្រាស់អ៊ីនធើណេតឲ្យបានទូលំទូលាយ នូវសេវាទូរស័ព្ទចល័តក្នុងសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ធំ ព្រៃធំពពេល សហគមន៍ជប់តាសុក ក្នុងភូមិខ្លាឃ្មុំ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអាន ភ្នំគូលែន ខេត្តសៀមរាប កាន់តែផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់នូវទំនាក់ទំនងក្នុងសហគមន៍មូលដ្ឋាន និយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមការស្នើសុំពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានពង្រីកសេវាទូរស័ព្ទចល័តទាំងបីប្រព័ន្ធឲ្យគ្របដណ្តប់នៅតំបន់នោះកាន់តែកៀក កាន់តែងាយស្រួល ។
ក្រោយពីមានកិច្ចប្រជុំពិភាក្សា និងបានចុះពិនិត្យជាក់ស្តែង កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ បានទទួលលទ្ធផលដូចខាងក្រោម÷
១. ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងបី បានទទួលស្គាល់នូវលទ្ធផលវាស់ស្ទង់កម្រិតគុណភាពសេវាដែលមានកម្រិតខ្សោយរបស់ខ្លួន
២. ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងបី សន្យានឹងលើកយកទីតាំង សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល និងខ្លាឃ្មុំ ទៅសិក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ពីលទ្ធភាពសាងសង់បង្គោលអង់តែនរួមថ្មី និងផ្តល់លទ្ធផលរបាយការណ៍មក ន.ទ.ក. យ៉ាងយូរ ត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
៣. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី ត្រូវធ្វើការសិក្សាលើលទ្ធភាពសាងសង់ស្ថានីយអង់តែនថ្មី for Rural Star លើទីតាំងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល និងខ្លាឃុំ ។
៤. ក្រុមហ៊ុន ខេម ថ្មី អេសអេម ម.ក ត្រូវធ្វើការសិក្សាលើការបំពាក់គ្រឿងបរិក្ខារទូរគមនាគមន៍ លើស្ថានីយអង់តែនដែលមានស្រាប់លើទីតាំងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ និយាមកា 13.535409 104.175921
៥. ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងបី ស្នើសុំសិក្សាលើការបំពាក់ Small Cell នៅតាមទីតាំង ទេសចរណ៍តាមបណ្តោយផ្លូវពីទីតាំងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ រហូតដល់ ព្រះអង្គធំ និងទឹកធ្លាក់ភ្នំគូលែន
៦. ទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខអាន
– ក្រុមហ៊ុន ស្អាត អាស្សាតា ខូអិលធីឌី និងក្រុមហ៊ុន ខេម ថ្មី អេសអេម ម.ក នឹងធ្វើ Network Optimization
– ក្រុមហ៊ុន វៀតពេល (ខេមបូឌា) នឹងបន្ថែម Cell នៅលើស្ថានីយអង់តែន SIE203
៧. ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តប្តេជ្ញាអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងការណែនាំរបស់ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ និង ខ.១.ក. ឱ្យបានម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងការវាស់ស្ទង់ ការពង្រឹង និងពង្រីកគុណភាពសេវាទូរស័ព្ទចល័ត ។
នេះជាផ្លែផ្កាថ្មីមួយទៀត ដែលទទួលបានពីការប្រឹងប្រែងស្វះស្វែងរកយុទ្ធវិធីឲ្យកាន់តែមានភាពងាយស្រួលរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចាប់ដៃជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដល់សហគមន៍ជនបទដាច់ស្រយាល ដើម្បីប្រទេសយើងទទួលបាននូវភាពរីកចម្រើ់នខាងបច្ចេកវិទ្យា ដើរឲ្យទាន់ពិភពលោក ឲ្យក្លាយជាប្រទេសមួយដែលមានប្រជាជនឌីជីថល ស្របនឹងនយោបាយបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកយកអាទិភាព ៥ ជាត្រីមុខ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីឈានទៅកាន់ឌីជីថលូបនីយកម្ម ក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជន ឌីជីថល៕