KH EMPIRE

អូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ឈានឆ្ពោះទៅសម្រេចបានការងារអាទិភាព ក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ក្នុងវិស័យបរិស្ថាន ជាពិសេសអូស្រ្តាលីនឹងគាំទ្រលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះប្រទេសអូស្រ្តាលី និងប្រជាពលរដ្ឋអូស្រ្តាលី ដែលតែងតែយកចិត្តលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលការងារអាទិភាពទាំងនោះ រួមមាន ការគ្រប់គ្រងសំណល់ ការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីរក្សាបានគម្របព្រៃឈើជាង ៦០% ជារៀងរាល់ឆ្នាំ និងលើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា ការការពារបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ទាំងគ្រប់ជាតិសាសន៍នៅទូទាំងសាកលលោក ។

ឆ្លើយតបនឹងការថ្លែងឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី យល់ស្រប និងគាំទ្រលើការងារអាទិភាពទាំង៣របស់ក្រសួង ដែលយុទ្ធសាស្រ្តនេះមានបង្កប់នូវភាពជាក់លាក់ ច្បាស់លាស់ពីមួយជំហានទៅមួយជំហាននិងមានទឡ្ហីករភ្ជាប់ជាមួយផង ។ បន្ថែមពីនេះ ឯកឧត្តមឯក Justin Whyatt មានបំណងចង់អញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ទៅទស្សកិច្ចប្រទេសអូស្ត្រាលី ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍លើកិច្ចគាំពារបរិស្ថានក្នុងករបខណ្ឌការគ្រប់គ្រងសំណល់ ការគ្រប់គ្រងជីវចម្រុះ និងការប្រែប្រួលអាកាសធាតុ ។

គួររម្លឹកជូនថា ការងារអាទិភាពរបស់ក្រសួងបរិស្ថានកំពុងអនុវត្ត គឺស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និង៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ជាមួយកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការចំណងការទូតនានា ៕

Exit mobile version