លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគី បានជម្រាបជូនឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថា ទួគីត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយកម្ពុជា លើកិច្ចការបរិស្ថានក្នុងតំបន់ ក៏ដូចជានៅថ្នាក់អន្តរជាតិ។ តួគីគឺជាសមាជិកសហភាពអឺរ៉ុប ដែលបានបង្កើតកិច្ចព្រមព្រៀងបៃតង(GREEN DEAL) ដែលផ្តោតជាសំខាន់លើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងសំណល់ និងការអភិរក្សជីវៈចម្រុះ។
លោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួគីបានថ្លែងបន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា និងសាធារណរដ្ឋតួគី គឺឈានឆ្ពោះទៅការលើកកម្ពស់ការអភិរក្សជីវចម្រុះ និងការស្តារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដើម្បីការអភិវឌ្ឍជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិផ្សារភ្ជាប់ផលិតផលមូលដ្ឋានជំរុញទេសចរណ៍ ។ ជាមួយគ្នានេះ លោកជំទាវក៏មានចំណាប់អារម្មណ៍ផងដែរ លើការគ្រប់គ្រងសំណល់ប្លាស្ទិកពីព្រោះថា ភាគតូចល្អិតនៃសំណល់ប្លាស្ទិក(Micro plastic) ជាបញ្ហាស្រួចស្រាវដែលត្រូវយកចិត្តទុកដាក់មុនគេ ជាពិសេសគ្រប់ការវេចខ្ចប់សុទ្ធតែប្រើប្លាស្ទិក ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់ថា ក្រសួងបានដាក់ចេញនូវការងារអាទិភាព៣ សំខាន់ៗ ក្នុងនោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស១,៣លាននាក់។ ការងារអាទិភាព២ផ្សេងទៀតដែលរួមមាន ការដាំនឹងស្តារព្រៃឈើឡើងវិញដើម្បីអព្យាក្រឹតកាបូន និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការលើកស្ទួយជីវភាពប្រកបដោយចីរភាព ៕