ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឈរ រតនៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំមន្ត្រីជំនាញក្រសួងបរិស្ថានចំនួន ២នាក់ ចូលរួមកិច្ចប្រជុំពិនិត្យលើរបាយការណ៍ស្តីពីលទ្ធផលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី (២០២៤-២០២៨) ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក សមាជិកាគណៈកម្មាធិការ និងមន្ត្រីពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) និងកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នេះ គឺផ្តោតសំខាន់លើវិស័យអាទិភាពចំនួន ៦ ដូចជា៖ (១)កិច្ចសហប្រតិបត្តិការនយោបាយ (២)សមត្ថភាពផលិត និងវិនិយោគ (៣)កសិកម្ម (៤)ថាមពល និងអភិវឌ្ឍន៍បៃតង (៥)សន្តិសុខ និង (៦)ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលក្នុងនោះ មានការចូលរួមអនុវត្តដោយក្រសួង ស្ថាប័ន ចំនួន២៧។
ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយតំណាងនៃរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមាន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្កុជា និង ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជាសហហត្ថលេខី ៕