KH EMPIRE

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដាក់ចេញវិធានការ ៤ចំណុច ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធភាព

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានក្រើនរំលឹកសារជាថ្មី ចំពោះការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិឱ្យខាងតែបាន គឺមិនមានជាដាច់ខាតនូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង ។ ការ ការថ្លែងឡើងជាច្រើនលើកច្រើនសារនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយមន្រ្តីរាជការក្រោមឱវាទ និងដើម្បីជំរុញការអនុវត្តច្បាប់ឱ្យបាន១០០% ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ចេញនូវវិធានការចំនួន ៤ ចំនុចសំខាន់ៗ៖


១. ជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យាហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស
២. សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត
៣. សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
៤. ជំរុញការដាំ ស្តារព្រៃឈើសំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ។ ស្របទៅនឹងការដាំដើមឈើ ត្រូវដាំឱ្យស្របទៅនឹងស្ថានភាពដី ដែលអាចធ្វើឱ្យប្រជាពលរដ្ឋយើងបានទទួលផលពីដើមឈើ ជាស្បៀងអាហារ ជាផលិតផលសម្រាប់លក់ក្នុងទីផ្សារ ឬជាផលិតផលលក់ជូនភ្ញៀវទេសចរណ៍ជាដើម ។

ជាមួយវិធានការដ៏ម៉ឺងម៉ាត់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា ការអនុវត្តច្បាប់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន និងមិនអនុញ្ញាតឱ្យមានការចរចារក្រៅប្រព័ន្ធច្បាប់ឡើយ ។

សូមរម្លឹកជូនថា រាប់ចាប់តាំងពី ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលកាន់តំណែងជារដ្ឋមន្រ្តីមក ការថ្លែងជំរុញការអនុវត្តច្បាប់ គឺជាលើកទី៤ហើយ ដែលលើកទី១ និងទី២ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តី រាជការក្រោមឱវាទ ចំណែកលើកទី៣ ថ្លែងក្នុងពីធីបើកវគ្គបណ្តុះបណ្តាល និងទី៤ថ្លែងក្នុងជំនួបសម្តែងការគួរសមជាមួយដៃគូអភិវឌ្ឍន៍ ៕

default
default
default

Exit mobile version