KH EMPIRE

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នឹងជួយកម្ពុជាមួយភាពស្រស់ស្អាតនាពេលដ៏ខ្លីនាពេលខាងមុខ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ« ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឲ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។

default

ជាក់ស្តែង នាពេលនេះ ក្រោមការផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រាន់តែ១ថ្ងៃ គឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន 9,243នាក់ (ស្រី 4,608នាក់) មកពីសាលាចំនួន១៧ នៅរាជធានភ្នំពេញ បានចូលរួមប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

យោងតាមរបាយការណ៍បន្ថែមពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយមានការសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន បានរៀបចំ បន្ថយការប្រើប្រាស់ប្លាស្ទិក ១កញ្ញា បានចំនួន 146 សាលារៀន (ស្មើ148 លើក) ដែលមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមប្តេជ្ញាចិត្ត «ថ្ងៃនេះខ្ញុំ មិនប្រើថង់ប្លាស្ទិកទេ» សរុបចំនួន 92,015នាក់ (ស្រី 47,261នាក់)។

សូមបញ្ចាក់ថា ការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក បាននិងកំពុងបង្កហានីភ័យដល់សុខភាពសាធារណៈ និងគុណភាពបរិស្ថានគួរឱ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយ។ ក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និង ភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាពនិងអព្យាក្រឹត្យកាបូន៕

Exit mobile version