KH EMPIRE

រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមសំអាតសំរាម ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ ការថ្លែងឡើងនេះ ខណៈឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អ៉ីយូសប្តាហ៍បៃតង EU green diplomacy week នៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រ ។

តាមរយៈការថ្លែងសន្ទរកថាជាភាសាបរទេសដ៏សង្ខេប ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត ជាក់ស្តែងក្រសួងបានសម្រេចនូវជោគជ័យនៃភាពស្អាតនេះមួយជំហានរួចទៅហើយ ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានចំនួនជិត២លាននាក់ នៅលើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ” យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា ” ។

ជាមួយគ្នានេះ ការសម្អាតសម្រាម សំណល់ប្លាស្ទិកគឺជាបេសកកម្មរួមគ្នាទាំងប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន និងនៅទូទាំងសកលលោក ពីព្រោះថាបរិស្ថាននៅជុំវិញយើងគ្រប់គ្នា ហើយឥតដែនកំណត់នោះទេ ។ បន្ថែមពីនេះសម្រាម ជាសំណល់ប្លាស្ទិកប្រមាណជិត៤០ពាន់តោន (37,000 តោន) បានបង្ករឱ្យមានភាពកខ្វក់ទៅក្នុងទន្លេមេគង្គ ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងសម្រាប់មនុស្ស សត្វ ហើយរួមទាំងមានប្រព័ន្ធអេកូឡូស៊ីផងដែរ ។ ចំពោះការចូលរួមសម្អាតសម្រាម សំណល់ប្លាស្ទិកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប នឹងនាំនូវភាពស្អាតរបស់ប្រទេសកម្ពុជា ដែលជាសម្រស់ដ៏ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ឱ្យចូលមកទស្សនាកម្ពុជាផងដែរ ។

លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព ៕

Exit mobile version