KH EMPIRE

ក្រសួងបរិស្ថាន៖ សិស្សានុសិស្ស និងយុវជនច្រើនជាង១លាន៦សែននាក់ បានចូលរួម យ៉ាងសកម្មក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អះអាងថា សិស្សានុសិស្ស និងយុវជនច្រើនជាង ១លាន៦សែននាក់ បានចូលរួមយ៉ាងសកម្មលើសពីក្តីរំពឹងទុក ក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ ប្លាស្ទិកទេ»។

អំណះអំណាងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្រ្តី ចូលរួមក្នុងកម្មវិធីការទូតបៃតងសហភាពអឺរ៉ុប-អាស៊ាន ដែលរៀបចំឡើង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

ឯកឧត្តម មានប្រសាសន៍ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថាន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ បានទទួលការគាំទ្រលើសពីក្តីរំពឹងទុក ដោយមានសិស្សានុសិស្ស និងយុវជនច្រើនជាង ១លាន៦សែននាក់ បានចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមនេះ ហើយបានបំផុសគំនិតឱ្យពួកគេ និងមនុស្សគ្រប់វ័យមានការផ្លាស់ប្តូរទម្លាប់ពីការប្រើថង់ប្លាស្ទិក ទៅការកាត់បន្ថយនិងឈប់ប្រើ ថង់ប្លាស្ទិកតែម្តង។

ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញថា យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានបង្កើតឡើងក្នុងគោល បំណងដោះស្រាយ បញ្ហាសំណល់ប្លាស្ទិក ជាមួយនឹងសារដ៏សាមញ្ញ ប៉ុន្តែមានលក្ខណៈស៊ីជម្រៅ ដែល បានលើកទឹកចិត្តពួកយើងម្នាក់ៗ ឲ្យពិចារណាឡើងវិញនូវជម្រើស និងទម្លាប់ការរស់នៅប្រចាំថ្ងៃ របស់ យើង ដោយការបោះជំហានយ៉ាងសំខាន់មួយ ឆ្ពោះទៅការកាត់បន្ថយសំណល់ប្លាស្ទិក។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា ជោគជ័យនៃយុទ្ធនាការនេះ មិនអាចកើតឡើងបានទេ ប្រសិនបើគ្មាន ការគាំទ្រ និងការចូលរួមពីភាគីពាក់ព័ន្ធនានា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងម្នាក់ៗ មិនត្រឹមតែអាច ទ្រទ្រង់ នូវសន្ទុះចលនារបស់យុទ្ធនាការនេះប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកែប្រែឥរិយាបថរបស់មនុស្ស ទាំងក្នុងជំនាន់នេះ និងនាពេលអនាគតផងដែរ។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការជឿជាក់លើសមិទ្ធផលនៃយុទ្ធនាការនេះ ដែលអាចធ្វើ ជាគំរូដ៏ល្អមួយនៅក្នុងតំបន់ ហើយយើងកំពុងបន្តក្នុងការអញ្ជើញប្រទេសជិតខាង ប្រទេសសមាជិកនៃ មហាអនុតំបន់ទន្លេមេគង្គ និងប្រទេសក្នុងតំបន់អាស៊ាន ឱ្យចូលរួមជាមួយប្រទេសកម្ពុជា ក្នុងបេសកកម្ម រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងថង់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងការរៀបចំ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងពេលឆាប់ៗនេះផងដែរ។

តាមការសិក្សាបានបង្ហាញថា សំណល់ប្លាស្ទិកជាង៣៧.០០០តោន ក្នុងមួយឆ្នាំ បានហូរចូលទៅក្នុង សមុទ្រពីទន្លេមេគង្គ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី សុខភាព និងសុខុមាលភាព ប្រជាពលរដ្ឋដែលអាស្រ័យផលពីទន្លេមេគង្គនេះ។ សំណល់ប្លាស្ទិកទាំងនោះ នឹងបំប្លែងជាមីក្រូប្លាស្ទិក តូចៗពិបាកនឹងមើលឃើញ ហើយត្រីអាចនឹងស៊ីប្លាស្ទិកទាំងនោះ នាំឱ្យមានការបំពុលដល់សង្វាក់ ម្ហូបអាហារ និងបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស៕

Exit mobile version