KH EMPIRE

IMF អបអរក្រសួងបរិស្ថាន លើការងារអាទិភាព និងរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ដែលនាំឱ្យកើនឡើងកម្តៅផ្ទះកញ្ចក់

លោក Davide Furceri ប្រធានបេសកកម្ម IMF ប្រចាំកម្ពុជា បានថ្លែងអបអរចំពោះភាពជោគជ័យលើការងារអាទិភាពទី១របស់ក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រពីសិស្សានុសិស្សប្រមាណជិត ២លាននាក់ ក្នុងការរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ។ ការអបអរនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសមជូនឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី ២៤ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ IMF និង សហការី ហើយបានគូសបញ្ជាក់បន្ថែមអំពីយុទ្ធសាស្រ្តចក្រា ដែលក្រសួងបានដាក់ចេញ ដើម្បីជំរុញការងារអាទិភាពក្នុងជំហានបន្ទាប់ ដោយផ្តោតជាសំខាន់ទៅលើភាពស្អាត ភាពបៃតង ដោយចីរភាព ជាពិសេសនឹងមានការគាំទ្រពីមូលនិធិ IMF ។ ឆ្លើយតបនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោក Davide Furceri ប្រធានបេសកកម្ម IMF ប្រចាំកម្ពុជាបានគាំទ្រ និងរួមចំណែកក្នុងវិស័យបរិស្ថានតាមរយៈកិច្ចសហប្រតិបត្តិការបន្ត ដើម្បីការកាត់បន្ថយ Mitigation អន្តរាគមន៍របស់មនុស្ស ដើម្បីឱ្យប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថយចុះ ឬដើម្បីបង្កើនអាងស្រូបឧស្ម័នផ្ទះកញ្ចក់ ។

គួររម្លឹកជូនថា ក្រសួងបរិស្ថានក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ ហើយយុទ្ធសាស្រ្តស្នូលនេះ ផ្តោតលើមុំសំខាន់៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីឆ្លើយតបនឹងបញ្ហាសកលការប្រែប្រួលអាកាសធាតុ ។ លើសពីនេះ ក្រសួងបរិស្ថានបានប្តេជ្ញាថា នឹងដាំដើមឈើយ៉ាងតិច១លានដើមក្នុងមួយឆ្នាំ ដើម្បីពង្រីកគម្របព្រៃឈើឱ្យបានជាង 60% និងរក្សាបាននូវអព្យាក្រឹតកាបូននៅឆ្នាំ 2050 បង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ ឆ្ពោះទៅការអភិវឌ្ឍដោយចីរភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភ៕

Exit mobile version