KH EMPIRE

រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ អ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិអាចគេចផុតថ្ងៃនេះ ប៉ុន្តែថ្ងៃស្អែកនឹងមិនអាចគេចផុតនោះទេ

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានព្រមានជាថ្មីថា អ្នកប្រព្រឹត្តបទល្មើសនឹងធនធានធម្មជាតិ គ្មានការលើកលែងនោះទេ ដោយពួកគេនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។
ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន និងការប្រគល់រង្វាន់ជ័យលាភីចលនាប្រលងប្រណាំង«ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៦ ខែតុលា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា «អ្នកឯងអាចគេចផុតថ្ងៃហ្នឹង ប៉ុន្តែថ្ងៃស្អែកអ្នកឯងនឹងមិនអាចគេចផុតនោះទេ! អ្នកឯងដេកក៏មិនស្រួលដែរ ព្រោះខ្ញុំតាមអ្នកឯងរហូត! អ្នកឯងអាចភ្លេច ប៉ុន្តែខ្ញុំអត់ភ្លេចនោះទេ!»។ គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឱ្យតែចាប់បាន ត្រូវតែកសាងសំណុំរឿងដាក់ទៅតុលា ដើម្បីចាត់វិធានការតាមច្បាប់កំណត់។

ឯកឧត្តម អ៊ាង សុផល្លែត បានរំឭកនូវការដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍដោយចីរភាព។ វិធានការទាំង៤នោះរួមមាន៖ ទី១. ការអនុវត្តច្បាប់១០០ភាគរយ និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ, ទី២. កិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឱ្យបានស្អិតល្មួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ, ទី៣. កិច្ចសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក, និង៤. ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្ដារព្រៃឈើ ជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើឲ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ការអភិរក្សជីវៈចម្រុះដោយចីរភាព។

Exit mobile version