KH EMPIRE

ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានចេញសារថ្លែងអំណរគុណ ដល់ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត…

ក្នុងនាមក្រសួង និងក្នុងនាមខ្ញុំ ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបិរស្ថាន ទទួលជួយការងារអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងសហការី ទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ លើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅទូទាំងប្រទេស លើប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទីមួយ នឹងបានឆ្លើយតបជាមួយយុទ្ធសាស្ត្រ ចក្រាបរិស្ថានផងដែរ។ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់តាំងពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ កន្លងមកនេះមានការចូលរួមយ៉ាងផុលផុសពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បណ្តាក្រុមហ៊ុន រោងចក្រ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រទេសកម្ពុជាកាត់បន្ថយបានជាអតិបរមា លើការប្រើ ប្រាស់ថង់ប្លាស្ទិក ដោយគិតជាចំនួនអ្នកចូលរួមប្តេជ្ញាចិត្តត្រឹមថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២៣ នេះបាន ៣ ៣៨៣ ៣៦៩អង្គ/នាក់ ។

ក្នុងន័យនេះ ខ្ញុំសូមកោតសរសើរខ្ពស់ នូវការខិតខំប្រឹងរបស់លោកប្រធានមន្ទីរបរិស្ថាន រាជធានី ខេត្ត ដែលជាសេនាធិការរបស់ក្រសួង ធ្វើឱ្យយុទ្ធនាការនេះទទួលបានលទ្ធផលគួរជាទីមោនៈ។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមប្រធានមន្ទីររាជធានីខេត្តទាំងអស់ជម្រុញបន្តសកម្មភាពជាប្រចាំ នឹងអនុវត្តឲ្យបាន១០០ភាគរយនៃសាលាទូទាំងប្រទេស និង សូមបន្តជាមួយគ្រប់បណ្តាសហគមន៍ ទីអារាម ប្រជុំជន រោងចក្រ សហគ្រាស ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអ្នកចូលរួមប្តេជ្ញាចិត្តទាំងអស់សរុបបានយ៉ាងតិចពាក់កណ្តាលនៃចំនួនប្រជាជនសរុបទូទាំងប្រទេសក្នុងរយៈពេលត្រឹមដើមខែមេសាខាងមុខនេះ ដើម្បីមូលដ្ឋានយើងស្អាតគ្មានសម្រាមប្លាស្ទិកក្នុងឱកាសចូលឆ្នាំថ្មីផងដែរ ។

ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងសហការី សូមប្រកបតែជ័យជំនះគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត ទទួលនូវការគោរពរាប់អានពីខ្ញុំ។

ង៉ូវ បូរីណា
រដ្ឋលេខាធិការ ក្រសួងបរិស្ថាន

 

Exit mobile version