KH EMPIRE

ព្រះមហាក្សត្រ អំពាវនាវអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិទាំងអស់ ចូលរួមក្នុងការថែរក្សាបរិស្ថានឱ្យបានល្អស្អាត និងបៃតង ដើម្បីឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញខ្ពស់

ភ្នំពេញ៖ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នាព្រឹកថ្ងៃទី១៤ កុម្ភៈឆ្នាំ២០២៤នេះ បានយាងជា​ព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​សួរសុខទុក្ខ​ ប្រោស​ព្រះរាជទាន​ ព្រះរាជ​អំណោយ​ដល់​កម្មករ​ កម្មការិនី​ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ ចំនួនជាង ២០០០នាក់ អបអរ​សារទរ​ទិវាជាតិទីក្រុង​ស្អាត​ ។

ព្រះ​រាជពិធី​ បានប្រារព្វធ្វើឡើងនៅលើ កោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ​ កម្មការិនី​ ប្រមូល​សំរាម​ និង​សម្អាត​ទីក្រុង​ មកពី ក្រុមហ៊ុន​៣​ ចូលរួម រួមមាន ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ។​

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងឱកាសនោះ បានមានព្រះរាជបន្ទូល កោតសរសើរចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញអោយក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកំពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគារ ដ៏ល្អប្រពៃនិងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិទាំងនៅទីក្រុង ក៏ដូចជានៅជនបទ ទទួលបាននូវសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍរីកចំរើន លូតលាស់លើគ្រប់វិស័យ។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា អភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលំអរ សោភ័ណភាព និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញឱ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។ ព្រះអង្គ បានកោតសរសើរ និងអរគុណកម្មករ កម្មការរិនីទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមថែរក្សាបរិស្ថាននិងសំអាតទីក្រុងភ្នំពេញអោយមានអនាម័យល្អស្អាតនិងមានសោភណ្ឌភាពល្អ។

ឆ្លៀតក្នុងឱកាសនោះ ព្រះអង្គ បានអំពាវនាវគ្រប់ក្រសួងស្ថាប័ន រាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ និងជនរួមជាតិទាំងអស់ សូមចូលរួមឱ្យបានផុលផុសប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានឱ្យបានល្អស្អាត និងបៃតង ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាព
ទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ពិសេសការបំពេញទស្សនៈកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ និងជាមិត្តភាពជាមួយប្រទេសកម្ពុជា។

បើតាមលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានទីក្រុងស្អាត ពោលគឺ ក្រោយពេលដែលរាជរដ្ឋាភិបាលបានធ្វើ កំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹង នៅរាជធានីភ្នំពេញជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ចូន សំរាមក្នុងរាជធានីភ្នំពេញ។

 

លោក បញ្ជាក់ថា ប្រតិបត្តិករថ្មីទាំង ៣ បានចាប់ដំណើរការផ្តល់សេវា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១មក ដោយទទួលបានការសាទរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ថាការផ្តល់សេវាមានគុណភាពល្អប្រសើរជាងមុន។តាមបទពិសោធន៍នាពេលកន្លងមក នៅពេលដែលរាជធានីភ្នំពេញ មានប្រតិបត្តិករប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង តែមួយ បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ គិតជាមធ្យមត្រឹមតែចំនួន ២.៧០០ តោន/ថ្ងៃ។ប៉ុន្តែ ក្រោយពេលកំណែទម្រង់ ប្រតិបត្តិករទាំង ៣ មានលទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង គិតជាមធ្យមប្រមាណ ៣.៧០០ តោន/ថ្ងៃ ជាហេតុធ្វើឱ្យរាជធានីភ្នំពេញមានបរិស្ថានស្អាត និងគ្មានសំរាមកកស្ទះដូចមុនទេ។ លើសពីនេះ ក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅ ប្រតិបត្តិករទាំង ៣ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកម្មវិធីធំ១ សំខាន់របស់រាជរដ្ឋាភិបាល ដូចជា កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា (AIPA), កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន, ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេម លើកទី១២ ដោយទទួលបានលទ្ធផលល្អ ប្រសើរ គួរជាទីមោទនៈ។

គួរបញ្ជាក់ថា ព្រះរាជទានព្រះរាជ​អំណោយដែល​ត្រូវផ្តល់ជូនដល់កម្មករដែលបំរើការងារនៅក្នុងក្រុមហ៊ុន ប្រមូលដឹកជញ្ជូនសំរាមទាំងបីនេះ ក្នុងនោះ រួមមានក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ចំនួន៦០៤នាក់ ក្រុមហ៊ុន 800 SUPER/GAEA ចំនួន៧៣៧នាក់និង​ក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន៧១៤នាក់ សរុប២០៥៥នាក់ ដោយ ក្នុងម្នាក់ៗទទួលបាន អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ដែលមានទាំងភួយ មុង កន្ទេល ត្រីខ មី អាវរងារជាដើម ជាមួយនិងព្រះរាជទ្រព្យមួយចំនួនទៀត៕

 

 

Exit mobile version