KH EMPIRE

លទ្ធផលបំពេញភារកិច្ចរបស់មន្ត្រីឧទ្យានុរក្សខេត្តបាត់ដំបង ក្នុងថ្ងៃទី ២៦ កុម្ភៈ

នាថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០២៤ តាមព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តបាត់ដំបងឲ្យដឹងថា លោក វន សំអែល ប្រធានផ្នែកសម្របសម្រួល(ស្លិច)MJP បានឲ្យក្រុមល្បាតទៅទទួលយកកូនសត្វរមាំងឈ្មោល ១ក្បាល មានរបួសមួយកំណាត់ជើងខាងក្រោយ ដើរមិនរួច ពីប្រជាពលរដ្ឋឈ្មោះ ឈួន វុត្ថា ភេទប្រុស អាយុ៣០ រស់នៅក្នុងភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលនេះបង្ហាញថា ទឹកចិត្តប្រជាពលរដ្ឋ ពិតជាបានចូលរួមអភិក្សសត្វព្រៃរបស់យើង ។

ក្នុងថ្ងៃនេះដែរ កម្លាំងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស សហការជាមួយកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ចុះល្បាតនៅភូមិសាស្រ្ត លើភ្នំច្រកចង្អៀត និយាមកា 0289513-1387820 ដកហូតរណាយន្តធំចំនួន ១គ្រឿង មករក្សាទុកនៅទីស្នាក់ការ ។

ចំណែកកម្លាំងមន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារព្រែកទាល់ និងសហគមន៍ស្ម័គ្រចិត្ត បានសហការជាមួយ កម្លាំងទីបញ្ជាការស្រាលទិសទន្លេសាប កម្លាំងសង្កាត់រដ្ឋបាលជលផលកំពុងប្រហុក និងក្បាលតោល បានចុះរុះរើ និងកម្ទេចចោលឧបករណ៍នេសាទខុសច្បាប់ បានចំនួន ៣ចំណុច រួមមាន៖ ចំណុចមាត់ពាមកោះដាច់, ចំណុចក្រឡុកសារ៉ាយមាត់ទន្លេ និង ចំណុចកប់ចេសមាត់ទន្លេ ។ ឧបករណ៍ដែលកម្ទេចចោលមាន សាច់មង ប្រវែង ៣.២០០ម៉ែត្រ បង្គោល ចំនួន ៩៥០ដើម ឡុកចាប់ត្រី ចំនួន១៥គ្រឿង និងបានព្រលែងកូនត្រីចម្រុះចំនួន ៦០គីឡូក្រាម ។

នេះជាកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់របស់មន្ត្រីនុរក្សគ្រប់ផ្នែក ដើម្បីការពារធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ជលផលកម្ពុជា ។ ការប្រឹងប្រែងទាំងកន្លងមក និងបច្ចុប្បន្ន ធ្វើឲ្យបទល្មើសទ្រង់ទ្រាយធំលែងកើតមាន វានៅសល់បទល្មើសទ្រង់ទ្រាយតូច ដែលចាំបាច់សមត្ថកិច្ចជំនាញត្រូវបន្តខិតខំបន្ថែមទៀត ។ ម្យ៉ាងទៀត កត្តាសុខសន្តិភាព មានកំណើនសេដ្ឋកិច្ច ទើបបានផ្តល់ឱកាសដល់កម្ពុជាមានពេលវេលាគ្រប់គ្រាន់ដើម្បីគិតគូរពីការពារ និងអភិរក្ស ៕

 

Exit mobile version