KH EMPIRE

លោកជំទាវ ងិន លីណា ចូលរួមសិក្ខាសាលាស្ដីពី«ការពង្រឹងក្របខ័ណ្ឌថវិកាយេនឌ័រក្នុងបរិបទកម្ពុជា»

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងlលោកស្រី ឯម ចាន់លីតា អនុប្រធាននាយកដ្ឋាន បានចូលរួមសិក្ខាសាលាស្ដីពី«ការពង្រឹងក្របខ័ណ្ឌថវិកាយេនឌ័រក្នុងបរិបទកម្ពុជា» ក្រោមអធិបតីភាពលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅសណ្ឋាគារហ្គាឌិន ស៊ីធី រយៈពេលមួយថ្ងៃពេញ។

សិក្ខាសាលានេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលបញ្ចប់លើសេចក្តីព្រាងចុងក្រោយនៃរបាយការណ៍វាយតម្លៃ ស្តីពីថវិកាយេនឌ័រ ក្នុងបរិបទកម្ពុជា ជាមួយអង្គភាពអនុវត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អង្គសិក្ខាសាលាបានធ្វើបទបង្ហាញចំនួន៤ រួមមាន៖

១. ថវិកាយេនឌ័រចូលរួមក្នុងវដ្តថវិកា
២. សាវតារនៃការវាយតម្លៃថវិកាយេនឌ័រក្នុងបរិបទកម្ពុជា
៣. សេចក្ដីព្រាងរបាយការណ៍ចុងក្រោយ វាយតម្លៃការអនុវត្តថវិកាយេនឌ័រក្នុងបរិបទកម្ពុជា
៤.ទិសដៅអាទិភាពសម្រាប់ការបញ្ជ្រាបយេនឌ័រនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្ដើមអនុវត្តថវិកាឆ្លើយតបនឹងយេនឌ័រ។

ជាលទ្ធផលនៃសិក្ខាសាលាបានដាក់ចេញនូវទិសដៅចំនួន៤ រួមមាន៖
១.រៀបចំទស្សនទានស្ដីពីថវិកាយេនឌ័រដោយផ្ដោតលើទិដ្ឋាភាពកម្ពុជា កំណត់នូវចក្ខុវិស័យ បេសកកម្ម កំណត់វិសាលភាព និងបែងចែកការងារជាមួយនិងការទទួលខុសត្រូវតាមវិធីសាស្ត្រ វិធាននីមួយៗ
២.រៀបចំឯកសារយុទ្ធសាស្ត្រស្ដីពីថវិកាយេនឌ័រនៅកម្ពុជា ដោយរួមបញ្ចូលខ្លឹមសារគន្លឹះៗក្នុងយុទ្ធសាស្ត្រ និងកំណត់ក្រសួង ស្ថាប័នការទទួលខុសត្រូវតាមវិសាលភាព
៣.ពិភាក្សាលើសកម្មភាពលម្អិតតាមបញ្ជីអាទិភាព
៤.អង្គភាពពាក់ព័ន្ធ និងក្រសួង ស្ថាប័នដែលបានកំណត់ក្នុងបញ្ជីអាទិភាពក្នុងយុទ្ធសាស្ត្រត្រូវដាក់បញ្ចូលសកម្មភាពនោះក្នុងផែនការសកម្មភាពរួម របស់កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ និងលម្អិតក្នុងផែនការសកម្មភាពប្រចាំឆ្នាំរបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន ៕

Exit mobile version