KH EMPIRE

ទិវាជាតិទីក្រុងស្អាតលើកទី ១២ ឆ្នាំ ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍»

ឆ្នាំនេះ ជាទិវាជាតិទីក្រុងស្អាតលើកទី ១២ ឆ្នាំ ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» ។ ការប្រារព្ធទិវាជាតិនេះ ធ្វើឡើងដើម្បីបំផុសការលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសយុវជន ឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ និង ភាពកក់ក្តៅ សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិ។

ដើម្បីឆ្លើយតបនឹងការវិវត្តនឹងនិន្នាការនៃការអភិវឌ្ឍថ្មីៗ កម្ពុជាបន្តអនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋាន៣សំខាន់ៗ គឺ ១.ការបង្កើនឧត្តមភាពប្រកួតប្រជែង ២.ការធានាចីរភាព និង៣.បរិយាបន្ននៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជា មាសបៃតង ដើម្បីប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពស្អាត ឆ្លាត និងបៃតង។

រាជរដ្ឋាភិបាលនីតិកាលទី៧ បានបន្តកំណត់វិស័យទេសចរណ៍ជាវិស័យអាទិភាព នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១។ ជាមួយគ្នានេះ បញ្ចកោណទី២ នឹងរំលេចពីភាពចាំបាច់នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ដោយបានបញ្ជាក់ពីគោលដៅនៃវិស័យទេសចរណ៍កម្ពុជា ត្រង់មុំទី១ ចំណុច ទី៥ គឺ «ការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធ ម៌និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ។

ឆ្នាំនេះជាឆ្នាំទី១២ ជាទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» ដោយឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង ទីក្រុងស្អាត និងទេសចរណ៍ ពោលគឺ ទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលអាចផ្តល់នូវបទពិសោធនិងការចងចាំ។

 

ម្យ៉ាងទៀត ទីក្រុងគឺជាបណ្ដុំសម្រាប់ការរស់នៅ ការសម្រាកលម្ហែ សកម្មភាព ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ជាដើម។ ចំណែកឯភាពជោគជ័យនៃវិស័យទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ គំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្សបេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាព បរិស្ថាន ភាពស្អាត និង បៃតង ។ ទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមានភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅ ការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត។

ក្នុងន័យនេះ ការរៀបចំនគរូបនីយកម្មនិងការអភិវឌ្ឍទីក្រុង ត្រូវមានការយកចិត្ត ទុកដាក់លើភាពស្អាត និងបៃតង បរិស្ថានល្អ ការធានាសន្តិសុខ សុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាត្រូវរៀបចំ ថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី និងបេតិកភណ្ឌ ទីក្រុង ដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលថ្មី បានបន្តពីគំរូវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លើការងារអាទិភាព ៤ សំខាន់ ៖

ទី១- ត្រូវបន្តធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដែលជាមូលដ្ឋានគ្រឹះដ៏ចម្បង
និងសំខាន់បំផុត សម្រាប់ការកសាងទីក្រុងស្អាត ផ្សារភ្ជាប់នឹងទីក្រុងឆ្លាត ។

ទី២- បន្តពង្រឹងនិងលើកកម្ពស់ភាពជាដៃគូរដ្ឋ-ឯកជន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីជំរុញ ការអភិវឌ្ឍនៅតាមគោលដៅទេសចរណ៍ ទីប្រជុំជន និងទីក្រុង ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងបរិយាបន្ន ព្រមទាំងជំរុញការផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ។
ក្នុងន័យនេះ បន្តចូលរួមគាំទ្រដល់យុទ្ធនាការ ចលនាប្រឡងប្រណាំងនិងការអនុវត្តស្តង់ដារនានា ដែលបានដាក់ ចេញកន្លងមក ជាអាទិ៍យុទ្ធនាការ -យុវជននិងទីក្រុងស្អាត- យុទ្ធនាការ-ទេសចរណ៍ម្នាក់ ដើមឈើមួយដើម – យុទ្ធនាការ “កម្ពុជាស្អាត- យុទ្ធនាការ “សម្អាតទន្លេ សមុទ្រ- ចលនាប្រឡងប្រណាំង “រង្វាន់ សម្តេចនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ – ចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ ចលនាប្រឡងប្រណាំង “បង្គន់អនាម័យសាធារណៈស្អាត ការអនុវត្តស្តង់ដា -វិថីលក់ម្ហូបអាហារកម្ពុជា និងស្តង់ដា “តូបលក់ម្ហូបអាហារតាមដងផ្លូវកម្ពុជា – ជាដើម។

 

ទី៣- ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សហការជាមួយក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដាក់ចេញចលនាប្រឡងប្រណាំង – ទីប្រជុំជន ទេសចរណ៍ស្អាត – នៅឆ្នាំ២០២៤ ដែលនេះជាការពង្រីកវិសាលភាពនៃយន្តការទីក្រុងស្អាត។

ទី៤- ត្រូវពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍទីក្រុង តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍ និងការកៀរគរប្រភពធនធាន។

 

  

Exit mobile version