KH EMPIRE

លទ្ធផលការត្រួតពិនិត្យករណីត្រីពុលងាប់នៅស្ទឹងកំពង់សីលា និងនៅរោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុន Sengda  Cambodia Exchang ដែលត្រូវបានស័ង្សយថា ជាប្រភពបង្កការបំពុលទឹកស្ទឹង…

នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នេះ  ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក សារុន សំបូរ ប្រធាននាយកដ្ឋាន និងមានការចូលរួមពីមន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុកកំពង់សីលា អាជ្ញាធរឃុំអូរបាក់រទេះ និងឃុំកំពង់សីលា បានចុះធ្វើការត្រួតពិនិត្យករណីត្រីពុលងាប់នៅស្ទឹងកំពង់សីលា និងនៅរោងចក្រផលិតដំណាប់ស្វាយរបស់ក្រុមហ៊ុន Sengda  Cambodia Exchang ដែលត្រូវបានស័ង្សយថា ជាប្រភពបង្កការបំពុលទឹកស្ទឹងនោះ ដែលមានទីតាំងស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថា៖

ក. នៅចំណុចត្រីពុលងាប់ក្នុងស្ទឹងកំពង់សីលា

–  ទឹកស្ទឹងដែលទទួលរងការបំពុល និងបង្កឱ្យត្រីងាប់ មានប្រវែងប្រមាណ ០៣ គម (ចាប់ទីតាំងរោងចក្រ រហូតដល់ទំនប់បង្ហៀរលោកតាក់)។ នៅចំណុចនេះ ក្រុមការងារបានធ្វើការតេស្តសំណាកទឹកស្ទឹងឃើញថា កម្រិត pH ស្ថិតក្នុងស្ថានភាពទាបបន្តិច (ចន្លោះពី ៥,៥ – ៦,៦) ប៉ុន្តែ DO ស្ថិតក្នុងកម្រិតទាបខ្លាំង (ចន្លោះពី ០,៣៦ – ១,១៤mg/l)។ ចំណែកឯទឹកស្ទឹងដែលស្ថិតខ្សែទឹកខាងក្រោមនៃទំនប់បង្ហៀរ មិនទាន់ទទួលរងការបំពុលទេ ដោយសារនៅក្នុងរដូវប្រាំងនេះ ទឹកស្ទឹងស្ថិតក្នុងស្ថានភាពកម្រិតទាប ពុំមានទឹកហូរឆ្លងកាត់ពីទំនប់បង្ហៀរនេះ ចុះមកផ្នែកខាងក្រោមទេ។ នៅចំណុចនេះ ពុំឃើញមានត្រីងាប់ទេ ហើយក្រុមការងារបានធ្វើការតេស្តទឹកឃើញថា កម្រិត pH និង DO ស្ថិតក្នុងស្ថានភាពប្រសើរ (pH=៧,០២ និង DO=៦,០mg/l)
–  នៅជាប់នឹងទំនប់បង្ហៀរនោះ ឃើញមានត្រីតូចៗងាប់ជាច្រើន (ប្រមាណ ១០០គក្រ) បានហូរធ្លាក់មកទើរនឹងទំនប់ ហើយក្រុមការងារបានស្នើឱ្យកងកម្លាំងស្រុកកំពង់សីលាធ្វើការប្រមូលត្រីងាប់ទាំងនោះចេញពីទឹកស្ទឹង ដើម្បីជៀសវាងបង្កក្លិនស្អុយបន្តទៀត
–  ត្រីចាប់ផ្តើមពុលងាប់នៅថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៤។ តាមការបញ្ជាក់ពីលោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សីលាថា ពេលនោះ ប្រជាពលរដ្ឋបានចុះចាប់ប្រមូលត្រីដែលពុលងាប់នោះ បានចន្លោះពី ៥០០គក្រ ដល់ ១០០០គក្រ។

ខ. នៅក្នុងទីតាំងរោងចក្រ Sengda  Cambodia Exchang

–  រោងចក្រនេះ ជាប្រភេទផលិតដំណាប់ស្វាយ បើកដំណើរការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ស្ថិតលើផ្ទៃដីទំហំ ០៤ហិកតា
–  នៅក្នុងដំណើរការផលិតកម្ម មានកម្មរធ្វើការសរុបចំនួន ៤៥៧នាក់ និងនាំចូលផ្លែស្វាយស្រស់ប្រមាណចំនួន ៥០តោន/ថ្ងៃ ហើយប្រើទឹកអណ្តូងអស់ប្រមាណចំនួន ៥០ម៣/ថ្ងៃ
–  សំណល់រឹង (គ្រាប់និងសំបកស្វាយ) ជាមធ្យមចំនួន ២០តោន/ថ្ងៃ ហើយត្រូវបានគេប្រមូលទៅចោលក្នុងរណ្តៅដីដែលមានទំហំប្រមាណ ០៦ ហិកតា និងមានជំរៅប្រមាណ ៣ម៉ែត្រ
–  សំណល់រាវបញ្ចេញចំនួន ៤០ម៣/ថ្ងៃ ក្នុងនោះសំណល់ចេញផ្នែកលាងសម្អាតត្រូវបានបង្ហូរចូលស្ទឹងកំពង់សីលាផ្ទាល់ និងសំណល់ចេញពីផ្នែកត្រាំទឹកស្ករត្រូវបានបង្ហូរចូលរណ្តៅស្តុកជាមួយសំណល់រឹង
–  រណ្តៅស្តុកសំណល់រឹង និងសំណល់រាវ មានក្លិនស្អុយខ្លាំង។ តាមការសង្កេត ឃើញមានទឹកសំណល់ហូរចេញតាមបាតនៃទំនប់រណ្តៅធ្លាក់ទៅក្នុងស្ទឹងកំពង់សីលាតែម្តង
–  រោងចក្រ ពុំមានអាងប្រព្រឹត្តិកម្មសម្រាប់ធ្វើការសម្អាតសំណល់រាវ និងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន (EIA)
–  ក្រុមការងារបានយកសំណាកសំណល់រាវនៅចំណុចទីតាំងរណ្តៅស្តុកសំណល់ចំនួន ០១ សំណាក រួចហើយបានធ្វើតេស្តសំណាកបឋម ឃើញថា pH=៤,៨ និង DO=០,១២ mg/l និងនៅចំណុចទីតាំងបង្ហូរទឹកចេញពីកន្លែងលាងស្វាយចូលក្នុងស្ទឹង ចំនួន ០១ សំណាក រួចហើយបានធ្វើតេស្តសំណាកបឋម ឃើញថា pH=៧,០ និង DO=០,៧៤ mg/l។

គ. សេចក្តីសន្និដ្ឋាន

ជារួម តាមរយៈនៃការចុះត្រួតពិនិត្យ និងការវាយតម្លៃជាជំហ៊ានដំបូង ឃើញថា បញ្ហាត្រីពុលងាប់ក្នុងស្ទឹងកំពង់សីលានាពេលថ្មីៗនេះ អាចបណ្តាលមកពីកត្តាធំៗពីរយ៉ាងគួបផ្សុំគ្នាគឺ៖
•  ទី១.កត្តាធម្មជាតិ៖ នៅរដូវប្រាំង ទឹកស្ទឹងស្ថិតក្នុងកម្រិតទាបខ្លាំង ពុំសូវមានលំហូរ និងក្តៅខ្លាំង ដែលស្ថិតក្នុងស្ថានភាពបែបនេះ អាចនាំឱ្យកម្រិតអុកស៊ីសែនក្នុងទឹកចុះថយទាប ហើយអាចបង្កផលប៉ះពាល់ជីវិតសត្វក្នុងទឹក ឬអាចងាប់បាន។
•  ទី២.កត្តាបំពុលពីរោងចក្រ៖ សំណល់រាវចេញពីការផលិតដំណាប់ស្វាយ គឺសំបូរទៅដោយសារធាតុសីរាង្គរលួយ (ឬពពួកសារធាតុចិញ្ចឹម) ហើយនៅពេលបង្ហូរចូលប្រភពទឹកដោយពុំបានធ្វើការសម្អាតត្រឹមត្រូវ នោះវានឹងបង្កឱ្យគុណភាពទឹកងាយធ្លាក់ចុះឆាប់រហ័ស តាមរយៈការស្រូបចាប់យកអុកស៊ីសែនដើម្បីបំប្លែងខ្លួនវាបន្តទៀត។ ក្នុងករណីនេះ ប្រសិនបើប្រភពទទួលមានបរិមាណទឹកស្ថិតក្នុងកម្រិតទាប (ឬតិច) ហើយការបញ្ចេញសំណល់ចូលក្នុងកម្រិតបរិមាណច្រើនជាង នោះអាចបណ្តាលឱ្យជីវិតសត្វក្នុងទឹកប្រឈមនឹងការងាប់ភ្លាមៗ។

សូមបញ្ជាក់ផងដែរថា ក្រៅតែកត្តាបង្កទាំងពីរខាងលើ គឺពុំឃើញមានប្រភពបំពុល ឬសកម្មភាពណាផ្សេង ដែលអាចសង្ស័យថា បានបង្កការបំពុលស្ទឹងកំពង់សីលា និងត្រីងាប់នោះឡើយ។ ចំពោះករណីបំពុលទឹកស្ទឹងដូចបានជម្រាបជូនខាងលើ គឺជាការបំពុលទឹកដោយសំណល់សរីរាង្គ ដែលវាឆាប់មានការប្រែប្រួលនិងឆាប់បាត់ទៅវិញក្នុងរយៈពេលខ្លី គីមិនមានលក្ខណៈពុលយូរ ឬពុលរ៉ាំរ៉ៃទេ។

Exit mobile version