KH EMPIRE

វល្លិ៍ចម្រុះ ៥៤ការ៉ុង និងវល្លិ៍រមៀត ៦៤ ការ៉ុងដែលជនល្មើសលាក់ទុក ត្រូវកម្លាំងចម្រុះខេត្តស្ទឹងត្រែង ប្រទះឃើញនៅចំណុចឃុំសេកុង ស្រុកសៀមប៉ាង

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក ស៊ឹម ប៉ូលីន ប្រធានការិយាល័យឧទ្យានជាតិ បានដឹកនាំមន្ត្រីចំនួន០១រូប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសៀមប៉ាងចំនួន០៤រូប និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសេកុងចំនួន៣រូប ដឹកនាំដោយលោក វរៈសេនីយ៍ត្រី សុខ សំអុន អធិការរងទទួលការងារព្រហ្មទណ្ឌ បានធ្វើការចុះល្បាត អង្កេតតាមដាន ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង បានចេញល្បាតរហូតដល់ត្រង់ចំណុចនិយាមកាលេខ 651839-1560626 ក្រោយភូមិសាម៉ ស្ថិតក្នុងភូមិសាស្ត្រភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រទះឃើញគំនរវល្លិមួយកន្លែង(អញ្ញាតជន)ចំនួន ៥៤ការ៉ុង លាក់ទុកក្នុងព្រៃ ក្រុមការងារបានពិនិត្យមើលជាក់ស្តែងវល្លិក្នុងការ៉ុងទាំងអស់នោះ ជាវល្លិចម្រុះមានច្រើនប្រភេទ ។

បន្ទាប់មកក្រុមការងារបានបន្តរុករកដល់ត្រង់ចំណុចនិយានកាលេខ0651315-1561426 បានប្រទះឃើញគំនរវល្លិរមៀតមួយកន្លែងផ្សេងទៀត(អញ្ញាតជន) វល្លិរមៀតទាំងអស់នោះគេបានដឹកយកមកលាក់ទុកចោលប្រហែលមួយខែមុន ក្រុមការងារបានធ្វើការប្រមូលដឹកជញ្ជូន(វល្លិរមៀត) ចំនួន៦៨ការ៉ុងប្រមាណ២៧០០គីឡូក្រាម និងវល្លិចម្រុះមានច្រើនប្រភេទ ចំនួន៥៤ការ៉ុងប្រមាណ១៦០០គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិវីរៈជ័យ ស្រុសៀមប៉ាង។ ករណីនេះ ការិយាល័យឧទ្យានជាតិ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងតឹងរឹង និងម៉ឹងម៉ាត់ ក្នុងការបង្ក្រាប និងស្រាវជ្រាវ រកជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តនីតិវិធីច្បាប់។

Exit mobile version