អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រទី ១៥ ខែមីនា ២០២៤ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសក្រសួងបរិស្ថាន យកចិត្តទុកដាក់លើការគ្រប់គ្រង និងការពារធនធានធម្មជាតិ ជាពិសេសព្រៃឈើ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសបំផ្លាញធនធានធម្មជាតិ ។
ដោយក្តីរួសរាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជូនមន្ត្រីជំនាញចុះទៅ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំងត្រួតពិនិត្យទីតាំងទាំងឡាយ ដែលមានការពាក់ព័ន្ធនឹងដីព្រៃរដ្ឋ ។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ រួមជាមួយក្រុមការងារមេធាវីនៃក្រសួងបរិស្ថាន បានបន្តចុះពិនិត្យស្ថានភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ទំហំដីក្រោម ១០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្ត ឃុំអូរសោម និងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រុមការងារ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងក្នុងគម្រោងចំនួន ៤០ (សែសិប) និងបានផ្ទៀងផ្ទាត់សង្គតិភាពជាមួយឯកសារ និងលិខិតបទដ្ឋានគគតិយុត្ត ដូចជារបាយការណ៍បោះបង្គោលព្រំប្រទល់ ការចុះកិច្ចសន្យា ការរៀបចំប្លង់មេ និងកម្មវិធីអភិវឌ្ឍន៍។ ក្រុមការងារបានពិនិត្យឃើញថា មានគម្រោងចំនួន ៣៩ មិនទាន់បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីតាំងគម្រោងនៅឡើយទេ មានតែគម្រោងចំនួន១ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចជា ជណ្តើរចុះលេងទឹកធ្លាក់ រោងអង្គុយលំហែ និងបន្ទប់ទឹក។
ក្រុមការងារបានបន្តជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់គម្រោង និងសាធារណជន នូវខ្លឹមសារសេចក្តីជូនដំណឹងលេខ ១១៦៦/០៣២៤ សជណ.បស្ថ ស្តីពីគោលការណ៍គ្រប់គ្រងគម្រោងអភិវឌ្ឍន៍នៅក្នុងតំបន់ការពារធម្មជាតិ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន និងបន្តចុះពិនិត្យស្ថានភាពគម្រោងពាក់ព័ន្ធទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីធានាបានការអភិវឌ្ឍគម្រោង គោរពតាមលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ភាពស្អាត ភាពបៃតង និងចីរភាព ៕