KH EMPIRE

ក្រុមការងារជំនាញ នៃក្រសួងបរិស្ថាន សហការជាមួយកម្លាំងចម្រុះ ចុះអធិការកិច្ចក្រុមហ៊ុន អ៊ុត ធី អ៉ី&ស៊ី ខូ អិលធីឌី

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ទូច ភាព អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារជំនាញ នៃក្រសួងបរិស្ថាន មកពីអគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន សហការជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំ មន្ទីររ៉ែ និងថាមពល មន្ទីរទេសចរណ៍ និងមន្ទីរបរិស្ថានខេត្តកោះកុង បានចុះអធិការកិច្ចផលប៉ះពាល់ពីសកម្មភាព គម្រោងអាជីវកម្មថ្មសំណង់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង របស់ក្រុមហ៊ុន អ៊ុត ធី អ៉ី&ស៊ី ខូ អិលធីឌី និងបានប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រុមហ៊ុន ដើម្បីរកដំណោះស្រាយ និងការស្តារឡើងវិញនូវផលប៉ះពាល់បរិស្ថាន ធ្វើឱ្យតំបន់គម្រោងនេះមានភាពល្អប្រសើរឡើងវិញ។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យ៖

-ក្រុមហ៊ុនបានចាក់ដីបិទផ្លូវទឹកធម្មជាតិ (អូរ) ដើម្បីកសាងផ្លូវឆ្លងកាត់ក្នុងការដ្ឋាន
-ក្រុមហ៊ុនកាយបកអាចម៍ដីនៅផ្នែកខាងលើទឹកធ្លាក់រូងប្រចៀវ ដែល បណ្តាលឱ្យទឹកមានភាពល្អក់កករដីដល់ខ្សែទឹកខាងក្រោម ដើម្បីស្តារឡើងវិញនូវផលប៉ះពាល់នាពេលកន្លងមក ពិសេសទប់ស្កាត់ ផលប៉ះពាល់ នារដូវភ្លៀងខាងមុខនេះ ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់ជាវិធានការកែលម្អបន្ទាន់ដល់ក្រុមហ៊ុន ដូចខាងក្រោម៖
-ត្រូវរៀបចំដាក់លូប្រអប់ត្រង់ចំណុចចាក់ដីបិទផ្លូវទឹកផ្នែកខាងលើទឹកធ្លាក់ រូងប្រចៀវ និងរក្សា ដើម្បីទុកផ្លូវទឹកធម្មជាតិ និងឱ្យមានលំហូរទឹកក្នុងអូរសម្រាប់ការប្រើប្រាស់ទឹកនៅខែ្សទឹកខាងក្រោម
-ត្រូវសម្អាត និងដឹកជញ្ជូនអាចម៍ដីចេញពីទីតាំងផ្នែកខាងលើនៃទីតាំងទឹកធ្លាក់រូងប្រចៀវ ដើម្បីទប់ស្កាត់ការហូរច្រោះអាចម៍ដី ដែលអាចបង្កផលប៉ះពាល់ដល់គុណភាពទឹក នៅរដូវវស្សា
-ត្រូវធ្វើការដាំដើមឈើ និងស្មៅនៅផ្នែកខាងលើនៃទីតាំងទឹកធ្លាក់រូងប្រចៀវ ដើម្បីកែប្រែបរិស្ថានឱ្យមានភាពផ្ទៃបៃតងឡើងវិញ

Exit mobile version