KH EMPIRE

សំណល់រាវបញ្ចេញពីរោងចក្រមួយកន្លែង កំពុងតែបំផ្លាញទឹកព្រែកសង្កែ…

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នេះ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ជូ មុនីដារិន អគ្គនាយករង សហការជាមួយមន្ទីរបរិស្ថាន រដ្ឋបាលជលផលខេត្តព្រះសីហនុ រដ្ឋបាលស្រុកព្រៃនប់ និងអាជ្ញាធរឃុំទឹកថ្លា បានចុះត្រួតពិនិត្យករណីបង្កការបំពុលទឹកព្រែកសង្កែ ពីរោងចក្រកែច្នៃស្បែកសត្វ ឈ្មោះ Cambodian Noble Taste Food Co., Ltd. ស្ថិតនៅផ្លូវជាតិលេខ3 ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលនៃការចុះត្រួតពិនិត្យឃើញមានដូចខាងក្រោម៖

ជាប្រភេទរោងចក្រផលិតចំណីសត្វ។ បន្ទាប់មក នៅឆ្នាំ២០២២ ក្រុមហ៊ុនបានធ្វើការស្នើសុំបន្ថែមផលិតកម្មកែច្នៃស្បែកសត្វ។

– សំណល់រាវចេញពីផលិតកម្មស្បែកសត្វ មានប្រមាណ ១០០០ម3/ថ្ងៃ

– ក្នុងរោងចក្រ មានអាងប្រព្រឹត្តិកម្មសំណល់រាវចំនួនពីរ ដែលអាងទី១ មានសមត្ថភាពសម្អាតសចំនួន ២០០ម3/ថ្ងៃ និងអាងទី២ មានសមត្ថភាពសម្អាតចំនួន ៨០០ម3/ថ្ងៃ។ អាងប្រព្រឹត្តិកម្មទាំងពីរនេះ បានរៀបចំបច្ចេកទេសសម្អាតតាមវិធីសាស្ត្រពីររួមគ្នា គឺតាមបែបលក្ខណៈគីមីសាស្ត្រ (Chemical Treatment) និងជីវសាស្ត្រ (Biological)។ ប៉ុន្តែតាមការពិនិត្យ អាងសម្អាតទាំងពីរនេះ ពុំអាចមានលទ្ធភាពធ្វើការសម្អាតប្រភេទសំណល់រាវដែលមានផ្ទុកកំហាប់អំបិលខ្ពស់បានទេ ដែលករណីនេះ តម្រូវឱ្យធ្វើការដកសារធាតុអំបិលឱ្យស្ថិតក្នុងកម្រិតធម្មតាជាមុនសិន មុននឹងបង្ហូរចូលអាងសម្អាត ឬធ្វើប្រព្រឹត្តិកម្មនោះ

– ជារួម ទឹកព្រែកសង្កែបានទទួលរងការបំពុលមានប្រវែងប្រមាណ៥គម ដោយក្នុងនោះ ទឹកព្រែកនៅផ្នែកខាងលិចផ្លូវជាតិលេខ៣ ឡើងពណ៌ស្លែ មានក្លិន និងមានកម្រិតអុកស៊ីសែនទាបខ្លាំង ( DO<1mg/l) ហើយនៅផ្នែកខាងកើតផ្លូវជាតិ (ជាប់ដីរបស់រោងចក្រ) គឺជាទឹកសំណល់ទាំងអស់ (ពណ៌ខ្មៅ) ដែលមានលក្ខណៈកកប្រមូលដោយផ្តុំសារធាតុខ្លាញ់និងអំបិល។ បញ្ហាបំពុលនេះ បណ្តាលមកពីការបង្ហូរសំណល់ពីការត្រាំស្បែកសត្វ ចូលក្នុងព្រែកផ្ទាល់ ដោយពុំមានការសម្អាតត្រឹមត្រូវ

– ទាក់ទងនឹងបញ្ហាបំពុលបរិស្ថានខាងលើនេះ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា បណ្តាលមកពី អាងប្រព្រឹត្តិកម្មរអាក់រអួល ។

ជាវិធានការចំពោះមុខ ក្រុមការងារ បានណែនាំដល់ក្រុមហ៊ុន ត្រូវធ្វើការបញ្ឈប់ការបង្ហូរសំណល់រាវដែលមិន បានធ្វើការសម្អាតត្រឹមត្រូវ ចូលទៅក្នុងព្រែកបន្តទៀតជាបន្ទាន់

ជាការកត់សម្គាល់៖ ក្រុមការងារបានរៀបចំធ្វើកំណត់ហេតុរួចរាល់នៅវេលាម៉ោង6ល្ងាច ប៉ុន្តែ អ្នកគ្រប់គ្រងរោងចក្រពុំព្រមចុះហត្ថលេខាលើកំណត់ហេតុទេ ដោយលើកយកហេតុផល និងការអះអាងផ្សេងៗ មកចោទសួរតាមបែបលក្ខណៈមើលងាយ ជាពិសេសលើកឡើងថា នៅកម្ពុជាកន្លែងណាក៏ដោយគឺមានការបំពុលបរិស្ថានដូចៗគ្នា។ ក្រុមការងារបានព្យាយាមធ្វើការពន្យល់និងបកស្រាយ រហូតដល់ម៉ោងជាង៨យប់ ទើបអ្នកគ្រប់គ្រង ឲ្យបុគ្គលិកក្រោមបង្គាប់ចុះហត្ថលេខាជំនួស។

Exit mobile version