KH EMPIRE

រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ធ្វើមោឃភាពរាល់លិខិតសម្គាល់លក់-ទិញដីព្រៃ កាប់រានទន្ទ្រានខុសច្បាប់នៅក្នុងតំបន់ការពារធនធានធម្មជាតិ

ដោយមានការកាន់កាប់យ៉ាងអនាធិបតេយ្យ ទៅលើដីកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិដ៏មានសក្តានុពល នៅភូមិសាស្ត្រអូរវល្លិ៍ប្រាំដំឡឹង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងដោយអនុវត្តតាមស្មារតីលិខិតជូនដំណឹងរបស់ក្រសួងបរិស្ថាន ស្តីពីការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់គាស់រុករាន ឆ្ការដុត ឬឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បានធ្វើមោឃភាពទៅលើលិខិតស្នាម មាន ៖
១.មោឃភាពចោលនូវរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធនធានធម្មជាតិដែលបានហាមឃាត់។

២.ដកហូតយកមកជាសម្បត្តិរដ្ឋវិញ នូវរាល់ដីព្រៃ ដែលបានកាប់កាស់ រុករានទន្ទ្រាន ដាំដំណាំ សង់លំនៅដ្ឋាន ក្នុងតំបន់ការពារធនធានធម្មជាតិ។

៣.ការកាប់កាស់ រុករានដីព្រៃ ដុតព្រៃ សង់ផ្ទះ សង់តូប រោង និងដាំដំណាំដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធការពារធម្មជាតិ ដែលបានហាមឃាត់ គឺជាបទល្មើសធនធានធម្មជាតិដែលមានចែងក្នុងមាត្រា៦២ និងមាត្រា៦៣ នៃច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ។

អាជ្ញាធរបានកំណត់ឲ្យរាល់ការសាងសង់ផ្ទះ រោង ខ្ទម ការដាំដំណាំ នៅក្នុងតំបន់ហាមឃាត់ចំណុចអូរវល្លិ៍ប្រាំដំឡឹង ក្នុងភូមិសាស្ត្រខាងលើ ត្រូវរុះរើ និងចាកចេញនៅមុនថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤ ជាកំហិត ៕

Exit mobile version