KH EMPIRE

ជនល្មើសជើងខ្លាំងថ្លើមពាសមេឃ ៣នាក់ ខាងកាប់ឆ្ការ ដុត និងឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ ត្រូវសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួន

ការប្រព្រឹត្តបទល្មើសយ៉ាងបំពាន កំរោលមិនខ្លាចច្បាប់ មិនញញើតកម្លាំងសមត្ថកិច្ច របស់ជនល្មើស ថ្លើមពាសមេឃ ៣ នាក់ ត្រូវបានសាលាដំបូងខេត្តឧត្តរមានជ័យ ចេញដីកាដោយឡែកពីគ្នា នាំខ្លួនចូលគុកនិងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ និងបទល្មើសហ៊ានគំរាមកំហែងដល់មន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ ធ្វើឲ្យរាំងស្ទះដល់ការបំពេញភារកិច្ច ត្រូវសាលាដំបូងខេត្តឧត្តរមានជ័យ ចេញដីកាឃុំខ្លួននៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៤ ។

ជនល្មើសជើងខ្លាំងទាំង ៣ នាក់នេះ មានឈ្មោះ៖
១. គុយ វណ្ណា ភេទស្រី អាយុ ៦០ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រព្រឹត្តបទល្មើសនៅតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ត្រង់និយាមការលេខ ៣៣៦៦៩៨១-១៥៧២៥៥៦ ។
រឹបអូសវត្ថុតាងមាន អេស្កាវ៉ាទ័រ ១គ្រឿង ម៉ាក CAT E120B, រថយន្ត ISUZU ប្រភេទកង់ដប់ ១ គ្រឿង ស្លាកលេខ 3A-0167 ពណ៌ខៀវ, ម៉ូតូម៉ាក HONDA Dream ពណ៌ខ្មៅ ១ គ្រឿង ផលិតឆ្នាំ ២០០០, ទូរស័ព្ទដៃ ម៉ាក OPPO ចំនួន ១ គ្រឿង ។

២. ឡាយ ស្រីណេត ភេទស្រី អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឈូកមាស សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ប្រព្រឹត្តបទល្មើសនៅតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ត្រង់និយាមការលេខ ៣៣៦៦៩៨១-១៥៧២៥៥៦ ។
រឹបអូសវត្ថុតាង មាន ទូរស័ព្ទ ម៉ាក OPPO ចំនួន ១ គ្រឿង ម៉ាក សាំសុង ១ គ្រឿង ។

៣. រឿម ពៅ ភេទប្រុស អាយុ ២៧ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប ប្រព្រឹត្តបទល្មើសនៅតំបន់ការពារដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ត្រង់និយាមការលេខ ៣៣៦៦៩៨១-១៥៧២៥៥៦ ។

ជនល្មើសទាំង ៣ នាក់ ប្រព្រឹត្តបទល្មើសនៅចំណុចជាមួយគ្នា និងថ្ងៃទី ២២-២៣-២៤ ខែមីនា ឆ្នាំ ២០២៤ ដូចគ្នា ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌដែលបញ្ញត្តិ​ផ្តន្ទាទោសតាមមាត្រា ៦២ ចំណុចទី១ មាត្រាទី ៥៦ ចំណុចទី៤ និងមាត្រា ៦៣ កថាខណ្ឌទី១ ស្តីពីតំបន់ការពារធម្មជាតិ ។

នេះជាស្នាដៃផ្លៃផ្កានៃការអនុវត្ត បទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចបទបញ្ជាដាក់ចេញយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តម បណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រួមគ្នាជំរុញកិច្ចការពារធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព ។

ភ័ស្តុតាងយ៉ាងច្បាស់ក្រឡែតមួយនេះ សម្រាប់បង្ហាញឲ្យជនទាំងឡាយណា ដែលអាងខ្នង អាងអន្តរាគមន៍ ហ៊ានរំលោភបំពានច្បាប់ ធ្វើឡើងមិនមែនខេត្តឧត្តរមានជ័យមួយប៉ុណ្ណោះទេ គឹធ្វើឡើងគ្រប់តំបន់ គ្រប់ភូមិសាស្ត្រនៅទូទាំងប្រទេស ។ ក្រសួងនៅតែបន្តវិធានការដ៏តឹងរ៉ឹងបំផុតរបស់ខ្លួន មិនអនុញ្ញាតឲ្យមានឋានសួគ៌សម្រាប់ជនប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិនៅស្រុកខ្មែរបន្តទៀតឡើយ ៕

Exit mobile version