KH EMPIRE

សួនឧទ្យានទន្លេស្ងួត ទីរមណីយដ្ឋានថ្មី សម្រាប់ការចងចាំរបស់កុមារនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ទន្លេស្ងួតជាឈ្មោះដើម ទើបផ្តល់រហស្សនាមជាសួនឧទ្យានទន្លេស្ងួត កាលពីដើមខែមីនា ឆ្នាំ ២០២៤ នេះ ជាចំណងដៃដ៏ពិសិដ្ឋរបស់ទេវតាប្រទានដល់ប្រជាពលរដ្ឋ និងកុមារ នៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដើម្បីប្រែក្លាយតំបន់នេះទៅជាតំបន់រមណីយដ្ឋានធម្មជាតិ ជាគំរូមួយនៅកម្ពុជា ដោយមានការដាំផ្កាស្បៃរឿងចំនួន ១លានដើម មានដាំដើមឈើ និងប្រើប្រាស់ពន្លឺអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយជាទីកម្សាន្តសម្រាប់កុមារ និងប្រជាពលរដ្ឋ នាំគ្រួសារ កូនចៅមកលម្ហែអារម្មណ៍ ក្រោយនឿយហត់ពីការងារ និងជប់ឲ្យទៅជាតំបន់រមណីយដ្ឋានមួយទំនើប និងទាក់ទាញភ្ញៀវទេសចរណ៍ នាំចំណូលបង្កើនជីវភាពសម្រាប់អ្នកភូមិ និងពលរដ្ឋនៅក្បែរនោះ ។

ក្រោយរមណីយដ្ឋានដ៏គួរឲ្យគាប់ពេញចិត្តនេះផុសឡើងនៅចំពោះមុខអ្នកស្រុក មានកុមារជាច្រើនសិបនាក់ក្នុងមួយថ្ងៃៗ រួមទាំងអ្នកស្រុកផងដែរ បានស្ម័គ្រចិត្តចូលរួមសម្អាត ដោយដើររើសថង់ប្លាស្ទិក កម្ទេចឈើ ដុំថ្ម ដែលបានកប់នៅក្នុងវាលខ្សាច់ ប្រការចៀសវាងបង្កគ្រោះថ្នាក់ជាយថាហេតុសម្រាប់អ្នកមកកម្សាន្ត ។

ទន្លេស្ងួតជាតំបន់ប្រវត្តិសាស្ត្រស្ថិតនៅប្រមាណ ១០គីឡូម៉ែត្រពីទីប្រជុំជននៃផ្សារអូររាំងឪ ហើយតំបន់នេះពីមុនមានលក្ខណៈស្ងាត់ជ្រងំ មិនសូវមានអ្នកដំណើរជិតខាងឆ្លងកាត់ឡើយ ប៉ុន្តែបន្ទាប់ពីមានវត្តមានទេវតាចុះមកជប់ចេញជារមណីយដ្ឋាន តំបន់ប្រវត្តិសាស្រ្តនេះ បានវិវត្តន៍ខ្លួនទំនើបជាងមុន មានសួនឧទ្យានទន្លេស្ងួតសម្រាប់កុមារលេងកម្សាន្ត និងមានកន្លែងសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត ស្ទូចត្រី ។ល។
ចាប់ពីថ្ងៃនេះទៅ ទន្លេស្ងួតលែងស្ងួតហួតហែងនារដូវប្រាំងទៀតហើយ ឆាប់ៗខាងមុខនេះ ទន្លេស្ងួតនឹងមានទឹកពេញប្រៀប ដែលសម្បូរទៅដោយត្រី សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះផង និងភ្ញៀវទេសចរមកកម្សាន្តផង។

ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើជូនចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់ទន្លេស្ងួតនេះថា យើងបង្កើតឱ្យសួនឧទ្យានទន្លេស្ងួតនេះ កាន់តែមានភាពទាក់ទាញពីអ្នកទេសចរ រួមចំណែកថែរក្សាការពារពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យផ្ទះរបស់យើងស្អាត គ្មានសំណល់ប្លាស្ទិក មិនត្រឹមតែស្អាតលើគោកទេ ក្នុងទឹកក៏ស្អាត ខ្យល់អាកាសក៏ស្អាតដែរ ។ ភាពស្អាតចេញពីចិត្តប្រកបដោយធម៌ ដែលជាអំណោយផលពីធម្មជាតិ និងជាស្នាមញញឹមពីធម្មជាតិពិតៗដ៏រាក់ទាក់របស់ប្រជាជាតិខ្មែរដែលជាពូជអម្បូរមួយថ្លៃថ្នូរ ជាមហាអំណាចខាងវប្បធម៌ កំពុងល្បីសុសសាយពេញពិភពលោក ។ ពលរដ្ឋនឹងទទួលបានអារម្មណ៍មួយថ្មី រីករាយជាមួយនឹងការរកចំណូលពីភ្ញៀវទេសចរដោយគុណធម៌ និងប្រពៃណីសុចរិត ពីសួនឧទ្យានទន្លេស្ងួតរបស់ទេវតា ។

ជាងនេះទៀត ការសាងសង់ផ្លូវដ៏រលោងប្រៀបដូចក្រឡាចត្រង្គ ជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នែរដ្ឋសភា កាចចង្កូតដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាំជាតិខ្មែរបើកបេះដូងអភិវឌ្ឍរួមគ្នាជាធ្លុងសាមគ្គី និងមានការជួយគាំទ្រពីសប្បុរសជនផងដែរ ៕

Exit mobile version