KH EMPIRE

តំបន់ទេចរណ៍ដែលមិនធ្លាប់ទៅដល់ ! សត្វស្លាបរាប់ម៉ឺនក្បាល នៃសហគមន៍ពាមបាង

ជាបឋមខ្ញុំសូមកោតសរសើរអាខោន TikTok ឈ្មោះ @dancherngadventure ដែលបានផលិត Content ដ៏អស្ចារ្យមួយនេះ ឲ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរណ៍ទាំងជាតិ អន្តរជាតិ បានស្គាល់ កន្លែងប្រណីត ដែលជាការរួមចំណែកជួយផ្សព្វផ្សាយតំបន់ទេចរណ៍ដ៏ប្រណីតៗរបស់ប្រទេសខ្មែរ ហើយ Admin មតិអ្នក សូមស្រង់យកវីដេអូរបស់គាត់ ជួយផ្សព្វផ្សាយដើម្បីទេសចរណ៍របស់ខ្មែរយើង ។

សត្វបក្សីរាប់ម៉ឺនក្បាល ត្រូវបានគេប្រទះឃើញនៅក្នុងភូមិសាស្ត្រសហគមន៍«ពាមបាង» បណ្តែតទឹក ។ សហគមន៍ពានបាង ស្ថិតនៅភូមិពាមបាង ឃុំពានបាង ស្រុកស្ទោង ខេត្តកំពង់ធំ ពលរដ្ឋខ្មែរភាគច្រើនមិនសូវស្គាល់ទីកន្លែងនេះទេ និងមិនធ្លាប់បានទៅដល់ តែបើបានទៅដល់វិញ ពិតជាមានអារម្មណ៍ស្រស់ថ្លា ជាប់ចិត្តដិតឱរ៉ា ដោយសារតែជាតំបន់ភរិក្សសម្បូរសត្វបក្សាបក្សីរាប់ម៉ឺនក្បាល ហិចហើរទាំងហ្វូងៗនៅលើផ្ទៃទឹកដ៏ស្រស់ស្អាត អមដោយទេសភាពពណ៌បៃតង ស្រស់ស្អាតគួរជាទីមនោរម្យ ។

តើហេតុអ្វីបានជាសហគមន៍ពានបាងសម្បូរសត្វបក្សីច្រើនសន្ធឹកសន្ធាប់បែបនេះ ? ទោះតំបន់មួយនេះ ស្ថិតក្នុងរដូវប្រាំង គឹនៅតែមានទេសភាពពណ៌បៃតង ដោយសារវានៅជាប់នឹងផ្ទៃបឹងទន្លេសាបដែលមានទឹកជាប្រចាំ ហើយរក្សាព្រៃលិចទឹកបានល្អ ទើបវាលស្មៅមានភាពបៃតងជានិច្ច ។ ទឹកនៅរដូវប្រាំង មានសភាពរាក់ តែបើនៅរដូវវស្សា ផ្ទៃទឹកលាតសន្ធឹងដូចផ្ទៃទឹកសមុទ្រ ដែលមានកម្ពស់ដល់ចុងឈើ ។

ចំពោះសក្តានុពលនៅសហកមន៍មួយនេះ សម្បូរត្រីជាច្រើនប្រភេទ ច្រើនពូជ រំលេចទៅដោយសត្វស្លាបជាច្រើនឥតគណនី ។ ពាមបាង ក៏មានតំបន់អភិរក្សមួយ ជិតបឹងទន្លេឆ្មាផងដែរ មិនអនុញ្ញាតឲ្យចូលនេសាទដោយសេរីនោះទេ ព្រោះវាជាតំបន់ហាមឃាត់ ក្នុងករណីបំពាន នឹងត្រវមានទោសតាមបញ្ញត្តិច្បាប់ ។

ហេតុអ្វីបានជាបង្កើតឲ្យមានតំបន់អភិរក្សានៅជាប់បឹងទន្លេសាប ?គឺក៏ព្រោះតែសហគមន៍រក្សានូវពូជត្រីមិនឲ្យបាត់បង់ ជាពិសេសនៅក្នុងរដូវត្រីពង ។ តាមពិតទៅ តំបន់សហគមន៍នៅតាមទន្លេសាបមួយចំនួន តម្រូវឲ្យមានតំបន់អភិរក្ស ជាក់ស្តែង ដូចជាសហគមន៍ពានបាងនេះ មានបងប្អូនប្រជាការពារក្នុងរួមគ្នាមើលថែ អភិរក្សបានល្អណាស់ ប្រជាជននៅតាមតំបន់នេះភាគច្រើន ពួកគេមានឆន្ទៈភ្ញាក់រឭកដោយបេះដូង ស្រឡាញ់ធនធានធម្មជាតិ ការពារសម្បត្តិធម្មជាតិ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងបរិស្ថាន មិនអនុញ្ញាតឲ្យនរណាម្នាក់បំពានតាមតែអំពើចិត្ត ។

យើងគួរកោតសរសើរនូវទឹកចិត្តការពារ និងស្រឡាញ់សម្បត្តិធនធានធម្មជាតិ របស់សហគន៍ពានបាង ក៏ដូចសហគមន៍ដទៃទៀត ដែលថែរក្សាការពារបានគង់វង្ស ហេតុដូច្នេះហើយទើបយើងឃើញពូជបក្សាបក្សី ត្រីសម្បូរបែប និងកកូនកចៅហិចហើរទាំងហ្វូង បង្ហាញនូវទស្សនីយភាពមួយគួរគយគន់ ថ្លាអារម្មណ៍ ។

សក្តានុពលមួយទៀត សហគមន៍ពានបាង ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ អាចទៅបោះតង់ ជាមួយវាលស្មៅដ៏ខៀវខ្ចី មើលថ្ងៃលិច ថ្ងៃរះ ជិះទូកទស្សនាសត្វស្លាប ស្ទូចត្រី ថតរូបផ្តិតយក ទេសភាពពណ៌បៃតង ហើយប្រសិនមានការសហការពីស្ថាប័នពាក់ព័ន្ធ ពីអាជ្ញាធរមូលដ្ឋាន សហគមន៍ពានបាងនឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍អេកូឡូហ្ស៊ីដ៏ប្រណីត បែបធម្មជាតិពិតៗនាពេលយូរអ្វែង ។

ការធ្វើដំណើរមកកាន់ទីនេះ បងប្អូនអាចជិះទូកពីឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង ឬ ពីស្រុកកំពង់ហ្លួងស្រុកក្រគរ ខេត្តពោធិសាត់ ក៏បាន ។

តោះចាំអីទៀត មកភ្លក្សរសជាតិជាមួយទេសភាពដ៏ប្រណីត នៃសហគមន៍ពាមបាង លោកអ្នកនឹងមិនខុសបំណងឡើយ ជាមួយទឹកដីសុវណ្ណភូមិខ្មែរ នៃសហគមន៍ពាមបាង ៕

ប្រភព TikTok « @dancherngadventure »

Exit mobile version