KH EMPIRE

បញ្ជូនជនសង្ស័យលួចកាប់ព្រៃម្នាក់ ទៅតុលាការខេត្តឧត្តរមានជ័យ ឯម្នាក់ទៀតកំពុងតាមរក

នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៤ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ បានដឹកនាំ មន្ត្រី ឧទ្យានុរក្ស ចំនួន ៧នាក់ សហការជាមួយកម្លាំងគណៈបញ្ជាការ ឯកភាពស្រុកបន្ទាយអំពិលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសការកាប់រុករានទន្រ្ទានដីព្រៃរដ្ឋ យកធ្វើជាកម្មសិទ្ធិនៅចំណុចជប់បេង ភូមិជប់គគីខាងកើតឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានលេខយាមការ 3 07550 1584307 ដោយ បានបង្រា្កបឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ និងដកហូតវត្ថុតាងគោយន្តកន្រៃ្តចំនួនមួយគ្រឿង ។

ចំណែកជនសង្ស័យ១នាក់ទៀតដែលរុករានទន្ទ្រានដីព្រៃមួយកន្លែងផ្សេងទៀតបានរត់គេចខ្លួន ក្នុងនោះប្រជាពលរដ្ធចំនួន១០នាក់ ក្រុមការងារបាននាំយកមកសាលាស្រុកបន្ទាយអំពិល ធ្វើការអប់រំណែនាំដោយមានការចូលរួមពីលោកអភិបាលស្រុកបន្ទាយអំពិល ក្នុងចំនួនប្រជាពលរដ្ឋ ១០នាក់នោះ គាត់ពុំមានការពាក់ព័ន្ធការកាប់រុករានទ្រ្ទានដីព្រៃរបស់រដ្ឋទេ គាត់ជាអ្នកស៊ីឈ្នួលដាំដំឡូងឲ្យគេ ដោយបានអប់រំឲ្យត្រឡប់ទៅផ្ទះវិញ ។

សម្រាប់ជនសង្ស័យ១នាក់ដែលបានឃាត់ខ្លួនបានបញ្ជូនទៅមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដើម្បីបន្តនិតិវិធីកសាងសុំណុំរឿងបញ្ជូនទៅតុលាការតាមនិតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

ចំពោះជនសង្ស័យ១នាក់ដែលបានរត់គេចខ្លួន កម្លាំងមន្រ្តីឧទ្យានុរក្សនឹងបន្តចុះស្រាវជ្រាវស្រង់សាវតាដើម្បីចាត់ការតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។ ចំពោះវត្ថុតាងគោយន្តកន្រ្តៃមួយគ្រឿងយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការហាលៀម ៕

Exit mobile version