KH EMPIRE

ខេត្តស្ទឹងត្រែងជាខេត្តទីបី ធ្វើមោឃភាពរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃខុសច្បាប់ នៅភូមិសាស្ត្រឃុំតាឡាត

ភាពអនាធិបតេយ្យ នៃការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរនៅចំណុចអូរវល្លិ៍បករាំដំឡឹង នៃភូមិសាស្ត្រឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងចំណុចភ្នំក្រឡាពស់ ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កើតឡើង និងកំពុងកើតឡើងយ៉ាងរញ៉េរញ៉ៃ ដែលបណ្តាល ឲ្យរដ្ឋបាលខេត្តស្ទឹងត្រែងអនុវត្ត​វិធានការ​ច្បាប់១០០% តាមរយៈការជូនដំណឹងជាលើកទីពីររបស់ខ្លួនជាបន្ទាន់ ធ្វើមោឃភាពនូវរាល់លិខិតសម្គាល់លក់-ទិញ ឬលិខិតបញ្ជាក់កាន់កាប់ដីព្រៃ​ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិដែលបានហាមឃាត់, ដកហូតយកមកជាសម្បត្តិរដ្ឋវិញនូវរាល់ដីព្រៃ ដែលបានកាប់គាស់ រុករាន ដាំដំណាំ សង់លំនៅដ្ឋាន​ក្នុងតំបន់ការពារធម្មជាតិ ។

ខ្លឹមសារនៃសេចក្តីជូនដំណឹង បានកំណត់ឲ្យសាធារណជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនឹងដីរដ្ឋយកធ្វើកម្មសិទ្ធិ ត្រូវរុះរើ និងចាកចេញ ពីថ្ងៃជូនដំណឹង ៥-១៥ ខែមេសា ឆ្នាំ ២០២៤ ជាកំហិត ។ ក្នុងករណីរឹងរូស នៅតែបំពានកាប់គាស់ រុករាន ដុតបំផ្លាញព្រៃយកដីធ្វើកម្មសិទ្ធិបន្តទៀត នឹងត្រូវអនុវត្តវិធានការយ៉ាងធ្ងន់បំផុត ។ អាជ្ញាធរនឹងបន្តស្រាវជ្រាវរកមុខមេខ្យល់ដែលបញ្ឆេះឲ្យពលរដ្ឋចាប់យកដីរដ្ឋ និងរុករានដីព្រៃ និងអ្នកពាក់ព័ន្ធ នឹងចាត់វិធានការយ៉ាងក្តៅគគុក កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ៕

Exit mobile version