KH EMPIRE

កុំភ្លេចបងប្អូន! ក្រសួងបរិស្ថាន នឹងចែកជូនកូនឈើដោយឥតគិតថ្លៃ ក្នុង «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ» ក្រោមមូលបទ «ពន្លកបៃតង»

នៅថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រសួងបរិស្ថាននឹងរៀបចំ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ» ក្រោមមូលបទ «ពន្លកបៃតង» ស្ថិតនៅមុខក្រសួងបរិស្ថាន ដែលស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជិតមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះ នឹងមានចែកកូនឈើជាច្រើនប្រភេទ ជូនប្រជាពលរដ្ឋ ដើម្បីយកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ ។
ដូច្នេះ ដល់ថ្ងៃនោះ សូមប្រជាពលរដ្ឋគ្រប់ស្រទាប់ សាធារណជន ឯកជន បុគ្គលគ្រប់រូបអញ្ជើញមកទទួលយកកូនឈើដោយរីករាយ ឥតគិតថ្លៃ ក្នុង «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ»នៅថ្ងៃទី ១០-១៦ កក្កដា ឆ្នាំ ២០២៤ ។

យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ឈរលើអាទិភាពចម្បង៣ គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេច បាននូវអព្យាក្រឹតភាពកាបូន។ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនេះ វិធានការទី៤ គឺការបង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។

ភាពបៃតង ស្ថិតក្នុងយុទ្ធសាស្ត្រទី២ មុំទី១ គឺការពង្រីកចលនាដាំដើមឈើ ដែលអាទិភាពទី១ គឺការផ្តល់កូនឈើដល់សាធារណជន យ៉ាងតិចចំនួន ១លានដើមក្នុងមួយឆ្នាំ ។ រៀបចំថ្នាលបណ្តុះកូនឈើនៅគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្ត ដើម្បីចែកចាយដល់សាធារណជនទូទៅដោយឥតគិតថ្លៃ ។ រៀបចំគោលការណ៍ណែនាំបច្ចេកទេស សម្រាប់ការបង្កើតថ្នាលបណ្តុះកូនឈើ ការដាំដើមឈើ និងការដាំស្តារព្រៃឈើ ។ ចូលរួមអបអរសាទរ «រុក្ខទិវា៩កក្កដា» និងអនុវត្តការដាំដើមឈើ ដោយមានការចូលរួមពីសាធារណជន ។

យើងនៅចាំអនុសាសន៍របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៣ ដែលបានប្រកាសអំពី«ការដាំកូនឈើចំនួន ១លានដើមក្នុងមួយឆ្នាំ» ដើម្បីបង្កើនគម្របព្រៃឈើរហូតដល់ ៦០% នៅឆ្នាំ២០៥០ ៕

Exit mobile version