KH EMPIRE

«ភាពស្អាតផ្លូវចិត្ត» នឹងតម្រង់ផ្លូវចិត្តឲ្យប្រជាជនកម្ពុជាពេញដោយគុណធម៌ ព្រហ្មវិហារធម៌ និងមានគុណតម្លៃ

ដំបូងយើងត្រូវយល់ឲ្យស៊ីជម្រៅនូវភាពស្អាតក្នុងខ្លួន គឺជាការស្អាតផ្លូវចិត្ត ដែលឥតមន្ទិល ឥតសៅហ្មង បរិសុទ្ធ ទីស្អាត ចិត្តស្អាត ធ្វើការស្អាត និយាយស្អាត ស្អាតស្អំ សីលបរិសុទ្ធ ។ ដើម្បីឲ្យភាពស្អាតផ្លូវចិត្តមានប្រសិទ្ធភាពខ្ពស់ ត្រូវអប់រំផ្លូវចិត្តឲ្យទូលាយ គិតល្អ គិតវិជ្ជមាន រស់នៅដោយសុភមង្គល សុខកាយសប្បាយចិត្ត ។

ផ្តើមចេញពីភាពស្អាតនេះ ក្រសួងបរិស្ថានបានដាក់ចេញ ភាពស្អាតបរិស្ថានជុំវិញខ្លួនយើង ភាព ស្អាតបរិស្ថានក្នុងខ្លួន (ស្អាតក្នុងផ្នត់គំនិត) និង ភាពស្អាតបរិស្ថានសង្គមលើឆាកពិភពលោក ។ ភាពស្អាតផ្លូវចិត្ត ជាផ្នែកទី ២ នៃយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថានដែលបានដាក់ចេញសម្រាប់ ឆ្នាំ ២០២៣-២០២៨ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ។

ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាននិងកំពុងជំរុញផ្សព្វផ្សាយយ៉ាងសកម្ម និងបំផុសឱ្យមានចលនាស្អាត ស្អាតផ្លូវចិត្ត ក្នុងន័យជួយឱ្យប្រជាជនគ្រប់រូបជ្រះថ្លា ទទួលបានផលប្រយោជន៍អំពីភាពស្អាត និងភាពបៃតង ដើម្បីបង្កើនឱ្យប្រជាសហគមន៍មានប្រាក់ចំណូលទៀងទាត់ ចាកផុតពីការចូលព្រៃកាប់ឈើ កាប់សម្លាប់សត្វព្រៃ ដែលទង្វើទាំងនោះផ្ទុយនឹងច្បាប់ ហើយក៏ផ្ទុយនឹងពុទ្ធឱវាទរបស់ព្រះពុទ្ធផងដែរ ។

សុខភាពផ្លូវចិត្តស្អាត ស្ងប់ស្ងាត់ ស្របតាមពុទ្ធឱវាទ ក្រសួងបរិស្ថាន ដោយមានគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានរួមចំណែកជាមួយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា សាងសង់កន្លែងសម្រាប់វិបស្សនាកម្មឋាន នៅឧទ្យានជាតិព្រះកុសុមៈ គីរីរម្យ ដើម្បីឲ្យពលរដ្ឋ ឬពុទ្ធបរិស័ទណាចង់សម្អាតផ្លូវចិត្តឱ្យស្អាត មានវិន័យ ដើរតាមមាគ៌ាល្អ មាគ៌ាព្រះពុទ្ធពោរពេញដោយសន្តិភាពផ្លូវចិត្ត បង្កើនសតិបញ្ញា ប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិត ដោយមិនបៀតបៀនជីវិតសត្វលោក មានភាពស្មោះត្រង់ មិនកុហកឆបោក ភូតភរ នឹងតម្រង់ផ្លូវចិត្តឲ្យប្រជាជនកម្ពុជាឆ្ពោះទៅរកភាពជោគជ័យ ពេញដោយគុណធម៌ ព្រហ្មវិហារធម៌ និងមានគុណតម្លៃ ។

ដូច្នេះ ភាពស្អាតផ្លូវចិត្ត គឺត្រូវកើតមានពីក្នុងខ្លួនមកសិន ទើបធ្វើឲ្យភាពស្អាតខាងក្រៅកើតមកជាមួយផងដែរ ។ ដូចសុភាសិតបុរាណខ្មែរបានតាក់មកថា «តណ្ហាកើតឡើងពីចិត្ត កាយាប្រព្រឺត្តទង្វើ ប្រាជ្ញានាំផ្លូវអោយធ្វើ សតិប្រសើរនាំទៅមង្គល។ ទឹកជាប្រយោជន៍ ទ្រទ្រង់សារពាង្គ ទឹកចិត្តធំជាង មហាសាគរ ទឹកចិត្តជ្រួតជ្រៀប ដោយក្ដីអំណរ ទឹកចិត្តស្មោះសរ ល្អគ្មានអ្វីផ្ទឹម។

មនុស្សស្អាតផ្លូវចិត្ត គឺជាបុគ្គលដែលមានអារម្មណ៍ជ្រះថ្លា មានអាកប្បកិរិយានិងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន មានសមត្ថភាពអាចដោះស្រាយបញ្ហាបរិស្ថាន ឬវិបត្តិផ្សេងៗដោយអារម្មណ៍វិជ្ជមាន និងអាចបំពេញការងារក្នុងជីវិតរស់នៅបានយ៉ាងល្អប្រសើរ។

ការបំផុសចលនាស្អាតនេះ បានជំរុញឱ្យសហគមន៍តំបន់ការពារធម្មជាតិ ដែលជាគោលដៅបៃតង មានប្រណីតភាពស្រស់ស្អាត ជាទីគួរឱ្យចង់មកកម្សាន្តលេង និងស្នាក់នៅ ដែលជាវត្ថុបំណងចម្បងសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់ជំរុញផ្សព្វផ្សាយយ៉ាងសកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ក្នុងដំណាក់កាលទី១នេះ ៕

Exit mobile version