KH EMPIRE

វិបស្សនាជាអ្វី ហើយមានគោលបំណងដើម្បីអ្នកណា?

វិបស្សនា មានអត្ថន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង។ ជាដំបូង គេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូលផ្តុំ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្ដូររបស់កាយ និងចិត្ត ។

ការសម្រេចនូវសេចក្ដីពិត ដោយសារការពិសោធន៍ផ្ទាល់នេះ ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់។ មាគ៌ាទាំងមូល (ព្រះធម៌) ជាឱសថសកលសម្រាប់ដោះស្រាយបញ្ហាសកល ហើយគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬ និកាយណាមួយឡើយ។ ដោយហេតុនេះ បច្ចេកទេសនេះ ឣាចយកមកបដិបត្តិបានជាទូទៅ ដោយសេរី នៅគ្រប់ទីកន្លែង គ្រប់ពេល ដោយគ្មានអ្វីទាស់ខុស ជាមួយពូជសាសន៍, វណ្ណ:, សាសនាណាមួយឡើយ ហើយទទួលប្រយោជន៍ល្អប្រសើរដូចគ្នាជាទូទៅ។

ការពិត វិបស្សនា ជាបច្ចេកទេសមួយ ដើម្បីគាស់រំលើងទុក្ខ ឲ្យដាច់ឫសគល់ ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដែលនាំមនុស្សឲ្យចេះប្រឈមមុខចំពោះភាពតានតឹង និង បញ្ហាជីវិតទាំងឡាយ ប្រកបដោយចិត្តស្ងប់ស្ងៀម និង មានលំនឹងនិង ជារបៀបរស់នៅ ដែលនាំមនុស្សឲ្យធ្វើវិភាគទានជាកុសលចំពោះសង្គម។

ទីកន្លែង«វិបស្សនា» មួយដែលទើបសាសង់ថ្មី ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង លោកជំទាវ ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ ជាមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានលេចចេញជារូបរាងបណ្តើរៗហើយ ។

កន្លែង«វិបស្សនា»នេះ បង្ហាញពីភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាសម្រាប់បុគ្គលគ្រប់រូបមាន ភាពស្អាតបរិស្ថានជំវិញខ្លួន ភាពស្អាតក្នុងភ្នាត់គំនិត និង ភាពស្អាតក្នុងខ្លួនដែលជាសុខភាព។ការធ្វើវិបស្សនាកម្មដ្ឋាន ឬសមាធិ អាចជួយឱ្យចិត្តមនុស្សបានស្ងប់សុខ មិនគិតច្រើន ព្រមទាំងអាចរួមចំណែកយ៉ាងសំខាន់ ស្តារស្ថានភាពផ្លូវចិត្តបានល្អប្រសើរវិញ។

វិបស្សនាកម្មដ្ឋាន មានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់បំផុត នៃការរំដោះទុក្ខ និង ការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនា មិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំ ដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ នុ៎ះមានជំងឺផ្លូវចិត្ត និង ផ្លូវកាយជាច្រើនណាស់ដែលបានជាសះស្បើយដាច់ឫសគល់ឣស់។ តាមការពិត វិបស្សនា គឺប្រាកដជារំលាយហេតុបីយ៉ាង នៃសេចក្ដីទុក្ខទាំងឣស់បាន ពោលគឺ៖ លោភ: ទោស: និង មោហ:។ ដោយសារការបដិបត្តិយ៉ាងជាប់ជានិច្ច សមាធិនឹងជួយបន្ធូរបន្ថយភាពតានតឹង ដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងដោយសារទម្លាប់ចាស់ ដែលចេះតែនាំចិត្តឲ្យធ្វើប្រតិកម្មតបនឹងស្ថានភាពជាទីរីករាយ និង ជាទីមិនរីករាយ ។ ដូច្នេះ វិបស្សនា នាំឲ្យមានភាពស្អាតនៃចិត្តនេះឯង ៕

Exit mobile version