KH EMPIRE

រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង តែគប្បីគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង

ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមមូលដ្ឋាន និងតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរដែលប្រជាសហគមន៍មូលដ្ឋានមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងគិតគូរនិងខិតខំប្រឹងប្រែងកៀរគរអ្នកវិនិយោគក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថានកម្ពុជា។ ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ធ្វើឡើងនាថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងជំនួបសម្តែងការគួរសមជាមួយបណ្តាក្រុមហ៊ុនអន្តជាតិ ដែលរួមមានក្រុមហ៊ុន Mana-gement Venture Asia (Cambodia) ltd ក្រុមហ៊ុន TOYO Ventures Holdings Berhad និងក្រុមហ៊ុន Energy China។

នៅចំពោះមុខវិនិយោគគិនបរទេស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បានគូសបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅអាទិភាពក្នុងវិស័យបរិស្ថាន ដើម្បីជំរុញការអភិវឌ្ឍ និងអភិរក្សវិស័យមួយនេះ ប្រកបដោយចីរភាព ហើយជាកត្តាចម្បង គឺគប្បីជួយឱ្យប្រជាសហគមន៍នៅតាមមូលដ្ឋាន និងតំបន់ការពារធម្មជាតិ មានមុខរបរបន្ថែម លើសពីរបរដែលពឹងផ្អែកតែមួយមុខទៅលើធនធានធម្មជាតិ និងការដកហូតអនុផលព្រៃឈើ ដើម្បីធានាឱ្យបាននូវលំនឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃពីរបរបន្ថែម ដែលបានមកពីការវិនិយោគនៅតាមសហគមន៍មូលដ្ឋានផ្ទាល់ ដែលនេះគឺជាការជួយឱ្យប្រជាប្រជាសហគមន៍នៅតាមមូលដ្ឋាន មានឯករាជ្យភាព និងភាពជាម្ចាស់នៅក្នុងសហគមន៍មូលដ្ឋាន ដែលនោះហើយ គឺជាភាពជោកជ័យនៃគម្រោងប្រកបដោយចីរភាព អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងសមស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

Exit mobile version