KH EMPIRE

បង្គោលរបងចំនួន ៥៨០ដើម លួសបន្លាប្រវែងសរុប ១០២០ម៉ែត្រ និងដំណាំ ៤៩២ដើមត្រូវកម្លាំងចម្រុះខេត្តកោះកុងរុះរើពីតំបន់ការពារធម្មជាតិអណ្តូងទឹក

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស ប្រចាំឧទ្យានជាតិបទុមសាគរ និងដែនជម្រកសត្វព្រៃតាតៃ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបទុមសាគរ និងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក បានចុះអនុវត្តដកដំណាំ បង្គោលរបងខុសច្បាប់ចំនួន ២ទីតាំង ស្ថិតនៅឃុំអណ្តូងទឹក និងឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងតំបន់អភិរក្សនៃឧទ្យានជាតិបទុមសាគរ ។

ដោយយោងចំណារឯកភាពរបស់លោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្កកោះកុង ចុះថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមដូចមានភ្ជាប់ក្នុងបញ្ជីវត្តមាន ក្រុមការងារបានជួបជុំគ្នានៅសាលាស្រុកបូទុមសាគរ ដើម្បីរៀបចំផែនការ និងបែងចែកតួនាទី ការទទួលខុសត្រូវ។

ក្រុមការងារបានសម្រេចដកហូតនៅទីតាំងទី១ ត្រង់ចំណុចដំណាក់តារិន
និយាមកា៣២៧៦៦៨-១២៣៤៨២៥ ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង រួមមានបង្គោលរបងថ្មចំនួន ១០បង្គោល ដំណាំចន្ទីចំនួន ៨៧ដើម (ភ្លើងឆេះអស់ទាំងស្រុង) និងដំណាំចេកចំនួន ០៣ដើម ។

នៅទីតាំងទី២ ត្រង់ចំណុចនិយាមកា ៣២៧៦៤២-១២២២៥៤៩ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង រួមមាន ដកហូតដំណាំចន្ទីចំនួន ៤៦២ដើម ដំណាំស្វាយចំនួន ១៥ដើម ដំណាំដូងចំនួន ១៥ដើម បង្គោលរបងចំនួន ៥៧០ដើម ដកហូតលួសបន្លាប្រវែង ១០២០ម៉ែត្រ ។

សរុបរួមទាំងពីរទីតាំង បានដកហូតសរុបចំនួន ៤៩២ដើម បង្គោលរបងចំនួន ៥៨០ដើម លួសបន្លាប្រវែងសរុប ១០២០ម៉ែត្រ ៕

Exit mobile version