KH EMPIRE

វិបស្សនាកម្មដ្ឋាន នៅឧទ្យាជាតិគីរីរម្យ កាន់តែទទួលបានការគាំទ្រច្រើន

វិបស្សនា ជាបច្ចេកទេសមួយដើម្បីគាស់រំលើងទុក្ខឲ្យដាច់ឫសគល់។ វិបស្សនា ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដែលនាំមនុស្សឲ្យចេះប្រឈមមុខចំពោះភាពតានតឹង និង បញ្ហាជីវិតទាំងឡាយ ប្រកបដោយចិត្តស្ងប់ស្ងៀម មានលំនឹង សស្អាត។

ការរស់នៅរបស់មនុស្សសព្វថ្ងៃ រមែងជួបប្រទះនូវបញ្ហាផ្សេងៗ ដែលតម្រូវឱ្យបុគ្គលម្នាក់ៗរកវិធីសាស្ត្រដើម្បីដោះស្រាយបញ្ហាទាំងនោះ ស្របពេលព្រះពុទ្ធសាសនាបានលើកឡើងថា «មានរូបគឺមានទុក្ខ»។ ទន្ទឹមនឹងនេះ ប្រសិនបើបុគ្គលណាម្នាក់មានចិត្តមិនស្ងប់ គិតរវើរវាយច្រើន ខឹងក្រេវក្រោធ គុំកួន មិនរៀនរម្ងាប់ចិត្តខ្លះ នោះការរស់នៅគ្មានសេចក្ដីសុខ និងធ្វើឱ្យជីវិតជួបតែបញ្ហា បង្កឡើងដោយបញ្ហាសតិអារម្មណ៍។ យោងតាមការទូន្មានរបស់ព្រះពុទ្ធសាសនា ការធ្វើវិបស្សនាកម្មដ្ឋាន ឬសមាធិ អាចជួយឱ្យចិត្តមនុស្សបានស្ងប់សុខ មិនគិតច្រើន ព្រមទាំងអាចដោះស្រាយនូវបញ្ហាផ្លូវចិត្តបានផងដែរ។

ការធ្វើវិបស្សនានេះ គឺតម្រូវឱ្យមានការតាំងចិត្ត ធ្វើឱ្យចិត្តរបស់ខ្លួនស្ងប់ ដោយផ្ដោតទៅលើខ្យល់ដង្ហើមចេញចូល។ «ការធ្វើវិបស្សនា ឬសមាធិនេះ គឺជាវិធីមួយដែលជួយឱ្យចិត្តយើងស្ងប់មិនរវើរវាយ លែងមានក្ដីកង្វល់ និងនាំឱ្យយើងគេងលក់បានស្កប់នៅពេលយប់ ជាពិសេសវាជួយឱ្យសុខភាពយើងល្អមិនមានជំងឺមកបៀតបៀនជាដើម»។

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅឧទ្យានជាតិព្រះកុសុមៈគីរីរម្យ ដែលជាការផ្តួចផ្តើមសាងសង់របស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្ថិតនៅកណ្តាលព្រៃព្រឹក្សា លតាវល្លិ៍ដ៏ស្រស់បៃតងនៃធម្មជាតិ កំពុងទទួលបានការគាំទ្រច្រើនពីព្រះសង្ឃទាំងក្នុង និងក្រៅប្រទេស ពុទ្ធបរិស័ទ និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម រួមទាំងពលរដ្ឋទូទៅ ។ ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា ជ្ឈមណ្ឌលវិប្សនាវប្បធម៌ព្រះពុទ្ធសាសនា ជួយផ្សព្វផ្សាយព្រះពុទ្ធសាសនា វប្បធម៌ខ្មែរ និងបង្ហាញអំពីជីវិតមនុស្ស ផ្សារភ្ជាប់ជាមួយធនធានធម្មជាតិដ៏ស្រស់បំព្រងរបស់ខ្មែរ បង្ហាញផ្លូវឲ្យមនុស្សប្រកបដោយធម៌សន្តោស ខន្តី មានសន្តិភាពខាងក្រៅ និងខាងក្នុងនៃចិត្ត ដែលជាផ្លូវចិត្តប្រកបដោយស្អាតស្អំ ល្អបរិសុទ្ធ ។

ជាទូទៅ ប្រជាពលរដ្ឋខ្មែរសម្រេចចិត្តទៅធ្វើវិបស្សនា ដោយសារពួកគាត់មានបញ្ហាក្នុងជីវិតប្រចាំថ្ងៃដូចជា មានវិបត្តិផ្លូវចិត្តរឿងផ្ទាល់ខ្លួន វិបត្តិគ្រួសារ សម្ពាធកន្លែងការងារ ជាដើម។ វិបស្សនា គឺជាការស្វែងរកសេចក្ដីស្ងប់សុខពីរឿងរ៉ាវជីវិត របស់បុគ្គលម្នាក់ៗ ឬជាការស្វែងរកជម្រកផ្លូវចិត្ត សម្រាប់ជីវិតនៅពេលចាស់ទៅជាដើម។

ការធ្វើវិបស្សនា ឬសមាធិនេះគឺបានជួយអប់រំផ្លូវចិត្ត ជួយឱ្យចិត្តយើងស្ងប់ លះបង់បាននូវកិលេស ជាពិសេស ការបដិបត្តិធម៌ធ្វើឱ្យយើងរីកចម្រើនផ្លូវចិត្តបានច្រើន ។

ចំណែក ឯកន្លែងស្នាក់នៅវិញ ក៏ខាងមជ្ឈមណ្ឌវប្បធម៌ព្រះពុទ្ធសាសនា គីរីរម្យ រៀបចំមានរបៀបណាស់ ដោយព្រះសង្ឃ និងសីលវន្តស្នាក់នៅផ្សេងៗគ្នា ហើយសីលវតី ស្នាក់នៅតាមតូប ដែលសាងសង់ប្រមាណ ៣០តូប ដូចដែលបានឃើញក្នុងរូបនេះស្រាប់ ៕

Exit mobile version