KH EMPIRE

ក្រសួងបរិស្ថានគាំទ្រការវិនិយោគរបស់ប្រទេសចិននៅក្នុងវិស័យបរិស្ថានកម្ពុជាដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគរបស់ប្រទេសចិនជាមួយវិស័យបរិស្ថានកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា។ ការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី គឺធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអ្នកវិនិយោគមកពីប្រទេសចិន ដែលមានបំណងចង់ចូលរួមចំណែកជាមួយវិស័យបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រចំពោះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា លើវិស័យបរិស្ថាន ជាពិសេសការកែច្នៃសំរាម សំណល់ប្លាស្ទិក ដើម្បីប្រើប្រាស់ឡើងវិញបាន ដែលនឹងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ស្របនឹងយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក ដែលមានការចូលរួមពីសិស្សានុសិស្ស និងប្រជាពលរដ្ឋខ្មែរជាង ៨លាននាក់។ លើសពីនេះ មិនចំពោះតែការវិនិយោគរបស់ប្រទេសចិនប៉ុណ្ណោះទេ ក្រសួងបរិស្ថានសូមគាំទ្រដល់ការវិនិយោគទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាស្អាត កម្ពុជាមានភាពបៃតង និងប្រកបដោយចីរភាព។

ភាពស្អាតរបស់កម្ពុជា គឺបានមកពីភាពស្អាតនៅក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋគ្រប់រូប និងភាពស្អាតនៅជុំវិញខ្លួនគ្មានសំរាម គ្មានសំណល់ប្លាស្ទិក ដែលជាមូលហេតុនៃប្រភពចម្លងមេរោគ និងធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈជន។

Exit mobile version