KH EMPIRE

ផែនទី ១១១ ផ្ទាំង ប្រគល់ទៅឲ្យខេត្ត-ក្រុងទូទាំងប្រទេស ពាក់ព័ន្ធទៅនឹងដីរបស់រដ្ឋ និងដីបំពានកាប់ រុករានកន្លងមក តើខេត្តណាមានស្នាដៃ យកដីជូនរដ្ឋវិញ?

នៅគ្រប់តំបន់ការពារធម្មជាតិ ឬដីកម្មសិទ្ធិរបស់រដ្ឋនៅទូទាំងប្រទេស គេសង្កេតឃើញមិនមានខេត្ត-ក្រុងណាមួយចៀសផុតពីការលួចចូលកាប់ អារ ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ និងតាំងទីលំនៅអាស្រ័យផលយ៉ាងអនាធិបតយេ្យនៅលើដីនោះទេ ។ កន្លងមក ទោះបីមានបទបញ្ជារបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់ និងវិធានការក្តៅរបស់ក្រសួងបរិស្ថានយ៉ាងតឹងរ៉ឹងក៏ដោយ ដីតំបន់ការពារធម្មជាតិ ឬដីកម្មសិទ្ធិរបស់រដ្ឋ ដែលបានកំណត់ឃ្វៀលព័ទ្ធទុករួចទៅហើយ ក៏នៅតែមានជនឆ្លៀតឱកាស និងមេខ្យល់នាំគ្នីគ្នាបន្តទន្ទ្រាន យកទាំងដីគោក ទាំងដីព្រៃលិចទឹក និងសង់រោងនៅ ជាដើម ។

ប្រជាសហគមន៍សាធារណជននាំគ្នាឆ្ងល់ថា បទបញ្ជាក្តៅគគុករបស់រាជរដ្ឋាភិបាលប៉ុណ្ណឹងហើយ នៅតែហ៊ានឈានជើងចូលកាប់ អារ បំផ្លាញគ្មានញញើតដៃទៀត ហើយមនុស្សចេះសិល្ប៍កំបាំងខ្លួន មិនដែលចាប់បាន និងភាគច្រើនទៀត ចាប់បានតែស្រមោច សង្អារ រីឯដំរី មិនដែលចាប់បាន!?! ប្រយ័ត្នដូចពាក្យចាស់ពោលថា «ចោរអំបុក ចោរអំបែង ចោរលួចគ្នាឯង ចោររនុកក្នុង» និង សម្តីឆាវឆាវ «សត្រូវនៅពីចម្ងាយមិនគួរអោយខ្លាច ដូចសត្រូវនៅក្បែរខ្លួនទេ!» ។

ប៉ុន្តែមានការកត់សម្គាល់មួយ ក្រោយវិធានការមុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ ឲ្យដកហូតដីតំបន់ការពារធម្មជាតិ និងដីរដ្ឋមកវិញ ខេត្តមួយចំនួនបានចាប់ផ្តើមធ្វើមោឃភាព និងបដិសេធចោលរាល់លិខិតស្នាមលក់-ទិញកាន់កាប់បណ្តើរៗហើយ ។

នៅពេលថ្មីៗនេះ ក្រសួងបរិស្ថានបានចែកផែនទីចំនួន ១១១ ផ្ទាំង ប្រគល់ទៅឲ្យរាជធានី-ខេត្តទូទាំងប្រទេស ពាក់ព័ន្ធទៅនឹងដីរបស់រដ្ឋ និងដីបំពានកាប់គាស់ រុករានទន្ទ្រានកន្លងមក ដើម្បីយកមកជូនរដ្ឋវិញ ។ យើងរង់ចាំមើល តើខេត្តណាមួយដែលអនុវត្តមានស្នាដៃបានល្អ ១០០% ក្នុងការប្រមូលមកជូនរដ្ឋវិញ? ហើយខេត្តណាដែលនៅតែមានការរំលោភបំពាន កាប់គាស់ ឈូសឆាយ រុករានទន្ទ្រានដីរដ្ឋបន្ថែមទៀត?

Exit mobile version