KH EMPIRE

ក្រសួងបរិស្ថាននឹង​ប្រើប្រាស់​ព័ត៌មាន​ពី​ផ្កាយ​រណប​​និង​ដ្រូន​ បង្កើនប្រសិទ្ធភាពគ្រប់គ្រង​តំបន់​ការពារ​​ធម្មជាតិ

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ «ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូនឈើ​» នៅ​ព្រឹកមិញ​នេះ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ពី​វិធានការ​ពង្រឹង​ការ​គ្រប់គ្រង​តំបន់​ការ​ពារ​ធនធាន​ធម្មជាតិ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​គូស​បញ្ជាក់​ថា ឆ្លើយតប​ការ​ដាក់ចេញ​គោល​នយោបាយ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​របស់​រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​យន្តការ​ទប់ស្កាត់ និង​បញ្ឈប់​រាល់​បទល្មើស​ធនធានធម្មជាតិ និង​ព្រៃឈើ​ឱ្យខាង​តែបាន​និង​មាន​ប្រសិទ្ធភាព​បំផុត។

ដើម្បី​បង្កើន​កិច្ច​ការពារ​នៅ​តំបន់​ការពារ​ធម្មជាតិ ក្រសួង​បរិស្ថាន​បាន​ដាក់​ចេញ​វិធានការ ដោយ​សហការ​ជាមួយ​មន្រ្តី​ថ្នាក់ក្រោម​ជាតិ ក្នុង​នោះ​ក៏​មានការ​ប្រើប្រាស់​ទិន្នន័យ​ពី​ផ្កាយរណប និង​ការ​ប្រើប្រាស់​ដ្រូន ដើម្បី​គ្រប់គ្រង​​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​មានប្រសិទ្ធភាព​។

«តាម​រយៈ​ទិន្នន័យ​​ពី​ផ្កាយរណប​ និង​ការ​ផ្តល់ដ្រូនដល់​មន្រ្តីអភិរក្ស​ក្នុង​មូលដ្ឋាន​ ​​អាចសិក្សា​និងទទួល​បាន​ព័ត៌មានពី​​ទីតាំង​​ដែល​មានបទល្មើស​ចូល​​ទន្ទ្រាន​កាន់កាប់ដោយ​ខុសច្បាប់​ និង​អាច​ទប់ស្កាត់​បាន​ទាន់​ពេល​វេលា»។ លោក អ៊ាង សុផល្លែត​បាន​បញ្ជាក់។
លោកបន្ត​ទៀត​ថា ថ្មីៗ​នេះ​ក្រសួង​បរិស្ថាន​ក៏​បាន​ប្រគល់​ផែនទី​តំបន់​ការពារ​ធម្មជាតិ​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ដែល​ជា​យន្តការ​មួយ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​​។ តាម​រយៈ​ផែនទី​បាន​កំណត់​យ៉ាង​ច្បាស់​លាស់​ពាក់ព័ន្ធ​ទីតាំង​ដី​នៅ​តំបន់​ការពារ​ធម្មជាតិ​ ​តំបន់​ណា​ដែល​ពាក់ព័ន្ធ​ឬ​មិន​ពាក់ព័ន្ធ​តំបន់​ដែល​ត្រូវ​ការពារ។

ក្រសួង​បរិស្ថាន​ក៏​កំពុង​រៀបចំ​កម្មវិធី (App) សម្រាប់​​គ្រប់គ្រង​តំបន់​ការពារ​ធម្មជាតិ​តាម​រយៈ​ទូរសព្ទ​ដៃ។ ជាមួយ​គ្នា​នេះ ពលរដ្ឋ​ក៏​អាច​ទាញ​កម្មវិធី​នេះ​យក​ទៅ​ប្រើប្រាស់​ ដើម្បី​ចូលរួម​ការពារ​និង​​បញ្ចៀស​ការ​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​ដោយ​ខុស​ច្បាប់​នៅ​តំបន់​ការពារ​ធម្មជាតិ។

តាម​របាយការណ៍​ពី​ក្រសួង​បរិស្ថាន តំបន់ការពារធម្មជាតិក្នុង​ប្រទេស​កម្ពុជាបានកើនឡើងពីចំនួន ២៣ តំបន់ ដែលមានផ្ទៃដីសរុបប្រមាណ ៣,៣ លានហិកតា ស្មើនឹង១៨% នៃផ្ទៃដីប្រទេស នាឆ្នាំ១៩៩៣ ដល់ចំនួន ៧៣ តំបន់ ដែលមានផ្ទៃដីសរុបជាង ៧ លានហិកតា ស្មើនឹង ៤០% នៃផ្ទៃប្រទេសនាពេលបច្ចុប្បន្ន។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ ពង្រឹងប្រសិទ្ធភាពគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយ​​អនុលោម យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង ដោយជំរុញសម្រេចគោលដៅកម្ពុជាគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ​៦០% នៅឆ្នាំ២០៥០»​៕

Exit mobile version