KH EMPIRE

វគ្គសិក្សាអន្តរជាតិពិសេសស្តីពី”UNESCO Global Geoparks and Sustainable Management”

ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៤ មន្ត្រីក្រសួងបរិស្ថាន បានចូលរួមវគ្គសិក្សាអន្តរជាតិពិសេសស្តីពី”UNESCO Global Geoparks and Sustainable Management”សម្រាប់ស្ថាប័នទទួលបន្ទុកសម្របសម្រួលរៀបចំបង្កើតសួនភូគព្ភសាស្ត្រពិភពលោកក្រោមក្របខណ្ឌអង្គការយូណេស្កូ និងអង្គភាពដែលកំពុងប្រតិបត្តិការ និងគ្រប់គ្រងសួនភូគព្ភសាស្ត្រពិភពលោករបស់ខ្លួន មកពីប្រទេសចំនួនប្រមាណជាង ៤០ប្រទេស ស្ថិតនៅកោះ Lesvos ប្រទេសក្រិក ដែលមានអ្នកចូលរួមសរុបប្រមាណជិត ១០០នាក់ មកពីអង្គការយូណេស្កូ ក្រុមប្រឹក្សាភិបាល និងសមាជិកបណ្តាញសួនភូគព្ភសាស្ត្រពិភពលោក។

វគ្គសិក្សាអន្តរជាតិពិសេសនេះរៀបចំឡើងក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធនឹងគោលការណ៍ណែនាំ លក្ខខណ្ឌតម្រូវ នីតិវិធី និងដំណើរការនៃការស្នើដាក់តំបន់ណាមួយជាសួនភូគព្ភសាស្ត្រពិភពលោក ព្រមទាំងបទពិសោធន៍ មេរៀនល្អៗ និងបញ្ហាប្រឈមពីប្រទេសដែលបានចូលរួមក្នុងវគ្គសិក្សានេះក្នុងដំណើរការនៃការបង្កើត និងការគ្រប់គ្រងតំបន់ទាំងនោះប្រកបដោយនិរន្តរភាព ក៏ដូចជាបង្ហាញឱ្យឃើញជាក់ស្តែងពីការអនុវត្តជាក់ស្តែងរបស់ Lesvos Global Geopark នៃប្រទេសក្រិកតាមរយៈទស្សនកិច្ចសិក្សា ដែលជាសួនភូគព្ភសាស្ត្រដំបូងគេនៅលើពិភពលោកផងដែរ។

តាមរយៈវគ្គសិក្សានេះពិតជាបានផ្តល់នូវព័ត៌មាន និងចំណេះដឹងថ្មីៗជាច្រើនសម្រាប់ជួយដល់ដំណើរការនៃការរៀបចំឯកសារស្នើសុំដាក់តំបន់ដែនជម្រកសត្វព្រៃភ្នំណាមលៀរ នៃខេត្តមណ្ឌលគិរី ដែលមានលក្ខណៈពិសេសនៃថ្មភ្នំដ៏ធំសម្បើម និងសក្តានុពលសំខាន់ៗជាច្រើនទៀតផ្នែកជីវៈចម្រុះ វប្បធម៌ និងបេតិកភណ្ឌអរូបី និងចំណុចខ្វះខាតផ្សេងៗដែលត្រូវបំពេញបន្ថែម ដើម្បីស្នើដាក់បញ្ចូលជាសួនភគព្ភសាស្ត្រពិភពលោកក្រោមក្របខណ្ឌអង្គការយូណេស្កូដំបូងគេនៅកម្ពុជានាពេលអនាគតឆាប់ៗខាងមុខ ៕

Exit mobile version