KH EMPIRE

ភ្លើងឆេះព្រៃលិចទឹក ៥ ថ្ងៃ មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ និងកម្លាំងសហគមន៍ស្ម័គ្រចិត្ត ចុះអន្តរាគមន៍បាន ១០០%

ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានសហការជាមួយក្រុមល្បាតនៅតាមព្រែក និងកម្លាំងសហគមន៍ស្ម័គ្រចិត្ត ចុះអន្តរាគមន៍ភ្លើងឆេះព្រៃ ដែលនៅសេសសល់ផ្សែងភ្លើង ដែលអាចបង្កការឆាបឆេះនៅពេលក្រោយ ។

មកដល់ពេលនេះក្រុមការងារពន្លត់ភ្លើងឆេះព្រៃ បានគ្រប់គ្រងស្ថានភាពភ្លើងឆេះព្រៃ បាន១០០%នៅត្រឹមម៉ោង៥ : ៤៥ នាទី ល្ងាចថ្ងៃដដែល។ សូមបញ្ចាក់ថា ស្ថានភាពភ្លើងឆេះព្រៃលិចទឹកនេះ ក្រុមការងារចុះធ្វើការអន្តរាគមន៍រយៈពេល ចំនួន៥ថ្ងៃ ដោយចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ដោយផ្ទៃខូចខាត មិនទាន់កំណត់ ។

មកដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស និងសហគមន៍ស្ម័គ្រចិត្ត ដែលយាមល្បាតនៅតាមរាន៤៥ រាន៥២ រាន៥៥ រាន៨ ធ្វើការចុះល្បាត ត្រួតពិនិត្យមើលស្ថានភាពភ្លើងឆេះព្រៃ និងចុះស្រង់ទិន្ន័យសត្វស្លាបទឹក។ ជាលទ្ធផលក្រុមការងារសម្រេចបាន ពុំមានភ្លើងឆេះនៅតំបន់ខាងលើទេ ព្រមទាំងមានភ្លៀងធ្លាក់គ្របដណ្តប់នៅតំបន់វាលលើជាប់ព្រំប្រទល់តំបន់រ៉ាមសារព្រែកទាល់ ចំពោះស្ថានភាពសត្វស្លាបមានសុវត្ថិភាពល្អ និងមានប្រភេទសត្វល្អិតដូចជាកុកក្រោង កុកក្រក ចុះមកពងកូនបណ្តើរៗហើយ ៕

Exit mobile version