ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង ចាត់តាំងក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តសហការជាមួយមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានបន្តចុះស្រាវជ្រាវករណីសារធាតុពណ៌បៃតងអណ្ដែតលើផ្ទៃទឹកស្ទឹងសង្កែ។
ការចុះស្រាវជ្រាវជាបន្តបន្ទាប់នេះ ធ្វើឡើងក្រោយមានប្រជានេសាទ បានប្រទះឃើញសារធាតុពណ៌បៃតង ស្រដៀងទៅនឹងស្លែ អណ្ដែតលើផ្ទៃទឹកស្ទឹងសង្កែ នៅផ្នែកខាងក្រោមទំនប់ពហុបំណងសេកសក ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម សុខ លូ អភិបាលខេត្ត បានបញ្ជាឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថាន សហកាជាមួយអាជ្ញាធរមូលដ្ឋាន បានចុះដល់ទីតាំងផ្ទាល់ និងសាកសួរប្រជាពលរដ្ឋនេសាទនៅទីនោះ ក៏ដូចជាពិនិត្យខ្សែទឹក ផ្នែកខាងលើ និងខាងក្រោម។ ជាលទ្ធផល ពុំទាន់ឃើញមានត្រីឬសត្វមានជីវិត ពុល និងស្លាប់ ដោយសារធាតុពណ៌បៃតង ស្រដៀងស្លែនៅឡើយទេ។ ក្រុមកាងារបានដួសយកសំណាកទឹកនោះផ្ញើទៅពិនិត្យនៅមន្ទីរពិសោធន៍ ក្រសួងបរិស្ថាន ដើម្បីស្វែងរកសារធាតុពិតប្រាកដ ថាវាប៉ះពាល់សុខភាពឬអត់ ។
ចំណែកនៅថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៤នេះក្រុមការងារបានបន្តចុះត្រួតពិនិត្យនៅរោងចក្រ Phoenix Industrial CO.,LTD. ដែលជារោងចក្រធ្លាប់បានបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែ។
ជាលទ្ធផលក្រុមការងារពុំមានរកឃើញការបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែនោះទេ ប៉ុន្តែជាវិធានការបង្ការទុកជាមុនក្រុមការងារបានណែនាំឱ្យរោងចក្ររៀបចំឃ្លាំង ឬទីតាំងសមស្របសម្រាប់ស្តុកសំណល់ភក់ចេញពីអាងចម្រោះឱ្យបានត្រឹមត្រូវចៀសបង្ហូរផ្ទាល់ចូលក្នុងស្ទឹងសង្កែ។
ទាក់ទិនករណីខាងលើនេះក្រុមការងារបានដាក់កម្លាំង តាមដានជាប់ជាប្រចាំ៕