KH EMPIRE

ក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីស្វែងរកដំណោះស្រាយរួម ឆ្លើយតបនឹងការសម្រេចរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការប្រគល់ទីតាំងដីជូនកងទ័ព

នៅរសៀលថ្ងៃសុក្រទី១៤ ខែមិថុនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី ករណីសំណើសុំដីទំហំ ២៧៧ហិកតា ចំណុចកម្ពស់ ៤៨០ភ្នំត្បែងមានរិទ្ធ ភូមិសាស្រ្តឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប សម្រាប់ធ្វើជាទីតាំងយុទ្ធសាស្រ្តការពារជាតិ។ នេះបើយោងតាមលិខិតលេខ ៧៤២សជណ.ដប ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចថា ឯកភាពឱ្យបន្តនីតិវិធីប្រគល់ទីតាំងជូនក្រសួងការពារជាតិ ដើម្បីប្រើប្រាស់ក្នុងវិស័យការពារជាតិ និងត្រូវរៀបចំក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងបរិស្ថាន ដើម្បីដោះស្រាយផលប៉ះពាល់ទាំងអស់ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប។

ជាមួយគ្នានេះ អង្គប្រជុំបានគាំទ្រ និងសម្រេចដាក់ចេញនូវវិធានការចំនួន ៧ចំណុច ដែលរួមមាន៖
1. ក្រសួងបរិស្ថានរៀបចំលិខិតស្នើសុំសមាសភាពក្រុមការងារជាតំណាងក្រសួងពាក់ព័ន្ធ
2. បង្កើតក្រុមការងារតេលេក្រាម ចែករំលែកព័ត៌មាន និងស្នើឱ្យក្រុមការងារផ្តល់នូវធាតុចូលតាមរយៈក្រុមតេលេក្រាម (អន្តរក្រសួង)
3. ក្រុមការងារពិនិត្យ និងវាយតម្លៃរាល់ធាតុចូលដើម្បីជាមូលដ្ឋានសម្រាប់ការចុះពិនិត្យជាក់ស្តែង
4. ក្រុមការងារចុះទៅពិនិត្យ និងវាយតម្លៃនៅទីតាំងជាក់ស្តែង
5. ក្រុមការងាររៀបចំផែនទីជាក់ស្តែង
6. ប្រជុំវិភាគលើព័ត៌មានដែលទទួលបាន
7. ចាត់វិធានការដោះស្រាយ។

Exit mobile version