KH EMPIRE

យោធាអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចុះប្រតិបត្តការជាមួយការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ទប់ស្កាត់និងបង្ក្រាបដីចាស់ និងដីកាប់រានថ្មីទុកដាំដំឡូង

ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ផិត វណ្ណៈ ប្រធានស្នាក់ការស្រែវាល បានដឹកនាំមន្រ្តីឧទ្យានុរក្សចំនួន០៧រូប សហការជាមួយកម្លាំងយោធាអន្តរាគមន៍តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារចំនួន០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ស៊ីថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងកម្លាំងយោធាផ្នែកសឹករងស្រុកជ័យសែនចំនួន០២នាក់ បានចុះអង្កេត តាមដាន ស្រាវជ្រាវ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ- ព្រៃឡង់ ភូមិសាស្រ្តខេត្តព្រះវិហារ។

+ជាលទ្ធផលទទួលបាន ៖
ទីតាំងទី១. ចំណុចភ្នំរលំអំពិល ត្រង់ចំណុចនិយាមកាលេខ (៥៥៥១១០-១៥១៣៤៣៤) បានរុះរើបំផ្លាញចោលខ្ទមចំនួន០២ ដែលសង់នៅលើដីកាប់រានថ្មី(អញ្ញាតជន) ដែលបានដាក់ពាក្យបណ្តឹងរួច មានទំហំប្រហែល០៧ហិកតា ទើបដាំដំឡូងមីរួច(កំពុងស្រាវជ្រាវតាមដានបន្ត) ។

ទីតាំងទី២. ចំណុចខាងត្បូងភ្នំកកោះ ត្រង់និយាមកាលេខ (៥៥៥៦៥៦-១៥១៤៤៧៩) បានដកហូតម៉ូតូចំនួន០១គ្រឿង(ម៉ាកវ៉េវ គ្មានស្លាកលេខ)ផ្ទាំងសូឡាចំនួន ១ផ្ទាំង អាគុយកម្លាំង៤០ ចំនួន០១ គ្រឿង រុះរើខ្ទមចោលចំនួន ២ខ្ទមដែលសង់នៅលើដីកាប់រានថ្មីមានទំហំប្រហែល ១៥ហិកតា ដីកាប់រានចាស់មានដំណាំដំឡូងមីទំហំប្រហែល ៥០ហិកតា និងបានធ្វើការអប់រំណែនាំច្បាប់ស្តីពីតំបន់ការពារធម្មជាតិដល់ប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដើម្បីឲ្យពួកគាត់រុះរើខ្ទមចេញ។

ទីតាំងទី៣. ចំណុចខាងលិចភ្នំកកោះ ត្រង់ចំណុចនិយាមកា (៥៥៤៥៥០-១៥១៤៩៩០) បានរុះរើបំផ្លាញខ្ទមចំនួន០២ សង់នៅលើដីកាប់រានថ្មីមានទំហំប្រហែល ៧ហិកតា (មានដំណាំដំឡូងមី) ដីកាប់រានចាស់មានទំហំប្រហែល១៥ហិកតា មានដាំដំឡូងមី។

ទីតាំងខាងលើស្ថិតក្នុងភូមិសាស្ត្រ ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។ ចំពោះវត្ថុតាងទាំងអស់បានយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕

Exit mobile version