KH EMPIRE

ក្រុមការងារក្រសួងបរិស្ថាន និងអង្គភាពចំណុះខេត្តព្រះសីហនុ ចុះពិនិត្យការបំពុលទឹកស្ទឹង និងត្រីងាប់ ដែលបង្ហូរចេញពីរោងចក្រចម្រាញ់ប្រេងដូងទី២

លោក ជូ មុនីដារិន អគ្គនាយករងនៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីពីនាយកដ្ឋានជំនាញ និងមន្ទីរពិសោធន៍ សហការជាមួយមន្ទីរបរិស្ថាន មន្ទីរធនធានទឹកនិងឧតុនិយម រដ្ឋបាលជលផលខេត្តព្រះសីហនុ រដ្ឋបាលស្រុកកំពង់សីលា និងអជ្ញាធរមូលដ្ឋាន បានចុះពិនិត្យករណីបំពុលទឹកស្ទឹង និងត្រីងាប់ ដែលបង្ហូរចេញពីរោងចក្រចម្រាញ់ប្រេងដូងទី២ (ម៉ុង ប្ញទ្ធី វិនិយោគទុន ដំណាំដូងប្រេងកម្ពុជា) ដែលមានទីតាំងនៅភូមិ អន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បេសកម្មខាងលើ ក្រុមការងារទទួលបានូវលទ្ធផលដូចខាងក្រោម:

១. ការចុះត្រួតពិនិត្យ ស្ថានភាពទីតាំងបំពុលក្នុងនោះរួមមាន ៖

-ទីតាំងព្រែកក្អោង ស្ថិតនៅភូមិបឹងត្រឡាច ឃុំចំការហ្វូងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ព្រមទាំងបានយកសំណាកទឹក០១
-ទីតាំងកំពង់ដំរី ត្រង់ចំនុចអូរឡុលឡាក់ ភូមិសម្តេចតា ឃុំចំការហ្វួង ស្រុកកំពង់សីលា ព្រមទាំងបានយកសំណាកទឹកចំនួន ០២សំណាក ស្ថិតនៅផ្នែកម្ខាងៗនៃទំនប់
-ទីតាំងស្ថិតនៅក្នុងបរិវេណរោងចក្រ និងយកសំណាកទឹកក្រោយចេញពីអាងប្រព្រឹត្តិកម្មចំនួន ០១ សំណាកមកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន

២. ពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ភាគីខាងរោងចក្រ ដើម្បីប្រមូលធាតុចូលស្តីអំពីករណីបំពុលដោយរោងចក្រ និងដំណោះស្រាយ

៣.ចុះពិនិត្យតាមដានស្ថានភាពរោងចក្ររួមមានដំណើរការសង្វាក់ផលិតកម្ម និង ការប្រព្រឹត្តិកម្មសំណល់រាវចេញពីរោងចក្រ

ក្រោយពីការចុះត្រួតពិនិត្យខាងលើ ខាងភាគីរោងចក្របានទទួលស្គាល់ពីករណីបំពុលទឹកស្ទឹងដោយសារ ការគ្រប់គ្រងសំណល់រាវមិនបានប្រុងប្រយ័ត្ន រួមផ្សំជាមួយបច្ចេកទេសប្រព្រឹត្តិកម្មសំណល់ជាង១០ឆ្នាំពុំសូវមានប្រសិទ្ធភាព ៕

Exit mobile version