KH EMPIRE

ជនណាក៏ដោយ ត្រូវបញ្ឈប់សកម្មភាពល្មើសកាប់ព្រៃជាបន្ទាន់ ! ដីកាប់រានមួយកន្លែងទំហំ ២,៣១ ហិកតា កម្លាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់មានប្រសាសន៍ថា អ្នកប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី ៧នៃរដ្ឋសភាកំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ជាក់ស្តែង តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ថ្ងៃទី ២៦ មិថុនា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ បានចុះល្បាតដល់ចំណុចខាងលិចភ្នំ១០០ UTM0419342-1517343 ស្ថិតនៅក្នុងភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ដោយបានជួបប្រទះករណីឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ១កន្លែង លើទំហំផ្ទៃដីប្រមាណជា២,៣១ហិតា ដែលបង្កឡើងដោយអញ្ញាតជន ។

ករណីនេះ ត្រូវមន្រ្ដីជំនាញបានកសាងសំណុំរឿង បន្ដស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់ មិនឲ្យរួចខ្លួនឡើយ ។ ក្នុងពេលនោះ មន្ត្រីក៏បានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន ១២សន្លឹកផងដែរ ៕

Exit mobile version