ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថាន និងលោក យូ គឹមឡេង ប្រធានការិយាល័យ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមអនុក្រឹត្យលេខ: ១៨៦ អនក្រ.បក ស្តីពីការកែប្រែដែនជម្រកសត្វព្រៃបឹងពែរ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលាឆទាន ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួងបរិស្ថាន លោកប្រធានការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់ បឹងពែរ អាជ្ញាធរភូមិ ឃុំ បុគ្គលិកអង្គការរីខូហ្វ គណៈកម្មការ និងសមាជិកសហគមន៍ប្រមាណជា ៤៧នាក់ ស្រី២៦ នាក់។
ជាលទ្ធផលនៃកិច្ចប្រជុំ ទាំងអាជ្ញាធរ និងសហគមន៍ ស្នើសុំឲ្យក្រុមការងារជួយរៀបចំនីតិវិធីផ្ទេរមកជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងគោលបំណងបន្តការពារព្រៃសហគមន៍ ឲ្យមាននិរន្តរភាព សម្រាប់ជាប្រយោជន៍ដល់សហគមន៍ទាំងមូល ៕