KH EMPIRE

កម្ពុជា-ឡាវ យល់ស្របក្នុងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីជំរុញកំណើនទេសចរទៅវិញទៅមក

វៀងចន្ទន៍៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន ចូលជួបជាមួយរដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោកស្រី សួនសាវ៉ាន់ វិញ៉ាកេត ដើម្បីពិភាក្សាលើសក្តានុពលក្នុងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី និងពិនិត្យលើលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្រ្តីទេសចរណ៍កម្ពុជា-ឡាវលើកទី២ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។

រដ្ឋមន្រ្តីទាំងពីរបានពិនិត្យឃើញដូចគ្នានូវសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងប្រទេសទាំងពីរ ដែលជាកាតាលិករសម្រាប់ទាក់ទាញភ្ញៀវទេសចរប្រទេសទាំងពីរ ជាពិសេសគឺការជំរុញលំហូរទេសចរចិន និងប្រទេសទីបីផ្សេងទៀតមក ប្រទេសទាំងពីរតាមរយៈសក្តានុពលនៃរថភ្លើងល្បឿនលឿនរបស់ឡាវ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និង ទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។

រដ្ឋមន្រ្តីទាំងពីរយល់ស្របគ្នាក្នុងការជំរុញឲ្យឧត្តមមន្រ្តីទេសចរណ៍នៃប្រទេសទាំងពីរពិនិត្យលើការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ជាពិសេសទេសចរណ៍បើកបរដោយខ្លួនឯងឆ្លងកាត់ប្រទេសកម្ពុជាប្រើប្រាស់ផ្លូវល្បឿនលឿនមកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា និងអាចឲ្យទេសចរកម្ពុជាអាចកំសាន្តតាមរថភ្លើងល្បឿនលឿនរបស់ឡាវពីទីក្រុងវៀងចន្ទន៍ទៅតំបន់ទាក់ទាញផ្សេងៗរបស់ឡាវ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានលើកឡើង ទាក់ទងនឹងការហោះហើរ ដោយភាគីកម្ពុជាស្វាគមន៍ និងត្រៀមពិនិត្យសម្រួលផ្តល់គោលនយោបាយ ពិសេសក្នុងការហោះហើរវៀងចន្ទន៍ ភ្នំពេញ ក្រុងព្រះសីហនុ ឬអាចសុំសិទ្ធនិងគោលនយោបាយ ពិសេសផ្សេងទៀតតាមការស្នើសុំរបស់មិភាគីឡាវ។

ទន្ទឹមនោះ ឧបនាយករដ្ឋមន្រ្តីឡាវបានឯកភាពជាមួយរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ក្នុងការតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរតាមរយៈការបើកជើងហោះហើរបន្ថែម និងបានទទួលយកទៅពិនិត្យ ដើម្បីជំរុញឲ្យអាកាសចរឡាវបើកការហោះហើរបន្ថែមមកកាន់កម្ពុជា។

គួរបញ្ជាក់ផងដែរថា នាអំឡុងពេលនៃកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំរវាងវិស័យឯកជននៃប្រទេសទាំងពីរដើម្បីពិនិត្យលើការរៀបចំកញ្ចប់ទេសចរណ៍រួម តភ្ជាប់ទំនាក់ទំនងធុរកិច្ចទេសចរណ៍៕

https://eacnews.asia/home/details/20772

Exit mobile version