កាលពីដើមខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីបរិស្ថាន ចាប់ផ្តើមផ្សព្វផ្សាយជំរុញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមសាលារៀន ក៏ដូចជាតាមមូលដ្ឋានផ្សេងៗ ដើម្បីចូលរួមធ្វើឲ្យកម្ពុជាយើងអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាពទៅថ្ងៃអនាគតផងដែរ។
លើសពីនេះទៅទៀត យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ ត្រូវបានសាធារណៈជនជាច្រើនសាទរ ជាពិសេសបានបន្តអនុវត្ត និងពង្រីកការផ្សព្វផ្សាយ មួយជំហ៊ានថែមទៀត ទៅដល់អាជីវករ នៅក្នុងក្រុងប៉ៃលិន ផងដែរ។ ដោយបង្ហាញនូវការពេញចិត្តរីករាយ អាជីវករឈ្មោះ ស៊ីយន្ត ពិសិដ្ឋ អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានចូលរួមអនុវត្តន៍យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» ដោយលោកបានកំណត់ជ្រើសរើសយករៀងរាល់ ថ្ងៃច័ន្ទ នៃសប្តាហ៍ មិនប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់ខ្ចប់ម្ហូបជូនភ្ញៀវឡើយ (មានវីដេអូរខ្លីនៅខាងក្រោម)។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអរគុណ និងកោតសរសើរខ្ពស់ដល់បងប្អូនអាជីវករយើង ដែលបានចាប់ផ្តើមចូលរួមដោយពេញចិត្ត ក្នុងយុទ្ធនាការ កាត់បន្ថថង់ប្លាស្ទិកនេះផងដែរ។ ការកាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក ពី១ថ្ងៃ ឬ២ថ្ងៃ ក្នុង១សប្តាហ៍ នោះកម្ពុជាបានចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានរាប់លានថង់។ «យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក “ ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង” ទៅថ្ងៃអនាគតផងដែរ៕