ការទប់ស្គាត់បទល្មើសព្រៃឈើ ការការពារអភិរក្ស ការស្តារ និងដាំដើមឈើឡើងវិញ ការដកហូតអនុផលព្រៃឈើដោយចីរភាព គឺជាភារកិច្ចចម្បងរបស់ប្រជាសហគមន៍ ជាមួយនឹងកិច្ចគាំពារយ៉ាងសកម្ម និងយកចិត្តទុកដាក់ពីដៃគូអភិវឌ្ឍ តាមរយៈ គម្រោងអភិវឌ្ឍន៍នានា ដែលដឹកនាំដោយក្រសួងបរិស្ថាន ។
នេះជាការ លើកឡើងរបស់លោក ទូច មន ប្រធានសហគមន៍តំបន់ការពារធម្មជាតិចំបក់ និង ជាតំណាងប្រជាសហគមន៍ប្រមាណ ជាង ៦០០គ្រួសារដែលស្ថិតនៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក ទូច មន បានបញ្ជាក់បន្ថែមទៀតថា តាមរយៈ ការគាំទ្ររបស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្រ្តី បានការកៀងគរ តាមរយៈ គម្រោងអភិវឌ្ឍន៍នានា ពិតជាបានជួយលើកកម្ពស់ដល់ជីវភាពប្រជាសហគមន៍បានល្អប្រសើរជាងមុន ។ បច្ចុប្បន្នសហគមន៍កំពុងសហការជាមួយក្រុមហ៊ុន LEOPA BAMBOO Co., LTD ក្នុងការរៀបចំបង្កើតរោងសិប្បកម្មកែច្នៃឬស្សី ។ ជាក់ស្តែងការកែច្នៃឬស្សី ដែលសហគមន៍បានដកហូតពីព្រៃឬស្សីដោយចីរភាពនេះ បានផ្តល់ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្របានថែមមួយកម្រិតទៀត។ គួររម្លឹកជូនផងដែរថា រាប់ចាប់ពីថ្ងៃចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានមក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអនុញ្ញាតឱ្យដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូប្រមាណជិត ២០ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនោះនៅគ្រប់ជំនួប ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្សព្វផ្សាយពីសកម្មភាពយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការជំរុញដល់ការគាំទ្រ និងលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយចីរភាពបរិស្ថាន៕